មន្ត្រីជំនួយជាន់ខ្ពស់ បាននិយាយទៅកាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា ជម្លោះនៅក្នុងប្រទេសស៊ូដង់ បានបង្កើត «វិបត្តិមនុស្សធម៌ធំបំផុត និងមហន្តរាយបំផុត នៅក្នុងពិភពលោក» ខណៈភាគីសង្រ្គាម បានដាក់ការហ៊ុមព័ទ្ធទីក្រុង និងរារាំងការផ្តល់ជំនួយ។

សង្គ្រាម បានផ្ទុះឡើងក្នុងខែមេសា ឆ្នាំ២០២៣ ក្នុងពេលមានការតស៊ូដណ្តើមអំណាចរវាងកងកម្លាំងប្រដាប់អាវុធស៊ូដង់ និងកងកម្លាំងគាំទ្ររហ័សយោធាប៉ារ៉ា(RSF) មុនពេលការផ្លាស់ប្តូរតាមផែនការទៅជាការគ្រប់គ្រងស៊ីវិល។ អង្គការសហប្រជាជាតិ និយាយថា ជិតពីរភាគបីនៃប្រជាជនស៊ូដង់ ស្មើរនឹងជាង ៣០លាននាក់ នឹងត្រូវការជំនួយ នៅឆ្នាំនេះ។

លោក Christopher Lockyear ប្រធានអង្គការគ្រូពេទ្យគ្មានព្រំដែន បាននិយាយថា កងកម្លាំងគាំទ្ររហ័ស កងកម្លាំងប្រដាប់អាវុធស៊ូដង់ និងភាគីជម្លោះផ្សេងៗទៀត មិនត្រឹមតែបរាជ័យក្នុងការការពារជនស៊ីវិលប៉ុណ្ណោះទេ ពួកគេកំពុងធ្វើឲ្យឈឺចាប់បន្ថែមទៀតដល់ជនស៊ីវិល។
កងកម្លាំងគាំទ្ររហ័ស បានបដិសេធថាបានរារាំងជំនួយ ឬការបង្កគ្រោះថ្នាក់ដល់ជនស៊ីវិល។ កងកម្លាំងនេះនិយាយថា ខ្លួននឹងស៊ើបអង្កេតការចោទប្រកាន់ និងនាំយកអ្នកប្រព្រឹត្តទៅកាត់ទោស។
កងកម្លាំងប្រដាប់អាវុធស៊ូដង់ ក៏បានបដិសេធថាបានទប់ស្កាត់ជំនួយ ឬការបង្កគ្រោះថ្នាក់ដល់ជនស៊ីវិលផងដែរ។ ឯកអគ្គរដ្ឋទូតស៊ូដង់ ប្រចាំអង្គការសហប្រជាជាតិ បាននិយាយទៅកាន់ក្រុមប្រឹក្សាសន្តិសុខថា រដ្ឋាភិបាលស៊ូដង់ មានផែនការជាតិសម្រាប់ការការពារជនស៊ីវិល។