រដ្ឋមន្ត្រីសន្តិសុខរបស់ប្រទេសអាហ្សង់ទីន លោក Patricia Bullrich បានការពារចំណាត់ការរធ្វើឡើងដោយកងកម្លាំងសន្តិសុខ កាលពីថ្ងៃព្រហស្បតិ៍ ដើម្បីបំបែកការចេញធ្វើបាតុកម្មរបស់និវត្តន៍ជនគាំទ្រដោយអ្នកគាំទ្របាល់ទាត់ នៅខាងមុខសភា ដែលបានបញ្ចប់ដោយការប៉ះទង្គិចជាមួយនគរបាល និងបានបណ្តាលឱ្យមានអ្នករងរបួស និងការចាប់ខ្លួនមនុស្សរាប់សិបនាក់។

កាលពីថ្ងៃពុធ និវត្តន៍ជនអាហ្សង់ទីន បានប្រមូលផ្តុំគ្នានៅខាងក្រៅអគារសភា រួមជាមួយអ្នកគាំទ្របាល់ទាត់ជាច្រើនក្រុម ដែលបានផ្តល់ការគាំទ្ររបស់ពួកគេ បន្ទាប់ពីការតវ៉ាកាលពីពេលមុនបណ្តាលឱ្យអ្នកចូលរួមវ័យចំណាស់ជាច្រើននាក់ រងរបួស។

លោក Bullrich និយាយថា ការសម្រេចចិត្ត ចាប់ផ្តើមប្រតិបត្តិការបំបែកការតវ៉ា គឺដោយសារតែអ្នកចូលរួមមានកាន់អាវុធ មានដូចជាដាវ និងដែកគោល ដែលមានបំណងវាយកម្ទេចរថយន្តនគរបាល។
ក្នុងការឆ្លើយតប នគរបាលបានដាក់ពង្រាយកាណុងបាញ់ទឹក និងគ្រាប់កាំភ្លើងជ័រ ដើម្បីបំបែកក្រុមបាតុកររាប់ពាន់នាក់ ដែលពួកគេបានសងសឹកវិញដោយការគប់ដុំថ្ម និងវត្ថុផ្សេងៗដាក់ទៅលើមន្ត្រី។ អាជ្ញាធរ បានរាយការណ៍ថាមនុស្សជិត៩០នាក់ត្រូវបានឃុំខ្លួន ហើយមនុស្ស១៥នាក់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។