លោកប្រធានាធិបតីអាមេរិក Donald Trump បាននិយាយនៅថ្ងៃព្រហស្បតិ៍ (១៣ មីនា សប្ដាហ៍នេះថា ប្រសិនបើរុស្ស៊ី បដិសេធសំណើបទឈប់បាញ់ដែលគាំទ្រដោយសហរដ្ឋអាមេរិក នៅក្នុងសង្រ្គាមអ៊ុយក្រែន នោះនឹងក្លាយជា "ពេលវេលាដ៏ខកចិត្តបំផុតមួយសម្រាប់ពិភពលោក"។

ថ្លែងជាមួយអគ្គលេខាធិការអង្គការណាតូ លោក Mark Rutte នៅក្នុងការិយាល័យ Oval Office លោក Trump បាននិយាយថា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានធ្វើ "សេចក្តីថ្លែងការណ៍ដ៏វិជ្ជមានមួយ" លើកិច្ចព្រមព្រៀងបទឈប់បាញ់ដែលអាចកើតមាន ប៉ុន្តែ "នោះនៅមិនទាន់មិនពេញលេញទេ"។

គួរឱ្យដឹងថា លោក Putin កាលពីថ្ងៃព្រហស្បតិ៍ដដែលនោះបាននិយាយថា លោកគាំទ្រគំនិតនៃបទឈប់បាញ់ ៣០ថ្ងៃក្នុងសង្រ្គាមជាមួយអ៊ុយក្រែន ប៉ុន្តែនៅមាន "សំណួរយ៉ាងម៉ឺងម៉ាត់ជាច្រើន" អំពីផែនការរបស់ទីក្រុងវ៉ាស៊ីនតោន ដោយបន្ថែមថា លោកមានឆន្ទៈពិភាក្សាបន្ថែមទៀតជាមួយលោក Trump ជុំវិញសំណើនោះ ហើយផែនការសន្តិភាពត្រូវតែដោះស្រាយ “មូលហេតុឬសគល់” នៃជម្លោះ។

លោក Putin ដែលជួបពិភាក្សាជាមួយមន្រ្តីអាមេរិកក្នុងកិច្ចប្រជុំបិទទ្វារនៅទីក្រុងមូស្គូ នាយប់ថ្ងៃព្រហស្បតិ៍ បានច្រានចោលម្ដងហើយម្ដងទៀតនូវបទឈប់បាញ់បណ្តោះអាសន្នណាមួយដែលមិនមានការធានាថា អ៊ុយក្រែននឹងមិនចូលរួមជាមួយណាតូ ហើយក៏សង្កត់ធ្ងន់ថា រុស្ស៊ីនឹងមិនប្រគល់ទឹកដីដែលវាយដណ្ដើមបាន ទៅឱ្យអ៊ុយក្រែនវិញទេ៕