សហរដ្ឋអាមេរិក បានដាក់ចេញនូវសំណើថ្មីមួយ ដែលនឹងធានាបាននូវការដោះលែងចំណាប់ថ្នូរក្នុងដៃក្រុមហាម៉ាស ជាថ្នូរនឹងការបន្តរយៈពេល ១ខែទៀតនៃបទឈប់បាញ់អ៊ីស្រាអែល និងក្រុមហាម៉ាស នេះបើតាមការលើកឡើងរបស់ប្រភពដែលដឹងពីកិច្ចចរចារនេះ។

ប្រភពនិយាយថា ចំនួនពិតប្រាកដនៃចំណាប់ថ្នូរនៅរស់ និងស្លាប់ ដែលនឹងត្រូវដោះលែងដោយក្រុមហាម៉ាស ក្នុងអំឡុងពេលបទឈប់បាញ់បន្តនោះ ក៏ដូចជាចំនួនអ្នកទោសប៉ាឡេស្ទីនដែលនឹងត្រូវដោះលែងដោយអ៊ីស្រាអែល រួមទាំងពេលវេលាបន្តជាក់លាក់នៃបទឈប់បាញ់ នៅតែជាកម្មវត្ថុចរចានៅឡើយ។

ប្រភពបន្តថា នៅក្រោមសំណើរបស់សហរដ្ឋអាមេរិក ដែលត្រូវបានបង្ហាញក្នុងសប្តាហ៍នេះនៅកាតា ដោយបេសកជនពិសេសអាមេរិក គឺលោក Steve Witkoff ក៏បាននិយាយថា អ៊ីស្រាអែលនឹងត្រូវដកការរារាំងជំនួយមនុស្សធម៌របស់ខ្លួនចូលទៅក្នុងតំបន់ហ្កាហ្សា ដែលបានបន្តអស់រយៈពេលជិត ២សប្តាហ៍មកហើយ។

នៅពេលត្រូវសាកសួរពីសំណើនេះ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក ថាពួកគេនឹងមិនធ្វើអត្ថាធិប្បាយលើកិច្ចចរចាដែលកំពុងបន្តនោះទេ ខណៈការិយាល័យនាយករដ្ឋមន្ត្រីអ៊ីស្រាអែល ក៏មិនទាន់អត្ថាធិប្បាយដែរ។ ចំណែកអ្នកនាំពាក្យក្រុមហាម៉ាសវិញបាននិយាយអំពីកិច្ចពិភាក្សានេះថា "អ្វីៗស្ថិតក្នុងភាពជាប់គាំង"៕