ភ្នំពេញ៖ កម្ពុជាបន្តកត់ត្រាចំនួនធ្លាក់ចុះនៃករណីឆ្លងជំងឺកូវីដ-១៩ មកនៅត្រឹម ២៩នាក់នៅថ្ងៃនេះ ខណៈចំនួនអ្នកស្លាប់ដោយសារជំងឺនេះ មានត្រឹមតែ ៤នាក់ប៉ុណ្ណោះ។
ក្នុងរបាយការណ៍ចេញនៅថ្ងៃនេះ ក្រសួងសុខាភិបាលបញ្ជាក់ថា មនុស្ស ២៩នាក់ទៀត ត្រូវបានរកឃើញឆ្លងមេរោគកូវីដ-១៩ បន្ទាប់ពីសំណាករបស់ពួកគេត្រូវបានពិនិត្យដោយម៉ាស៊ីនវិភាគមេរោគ PCR ក្នុងនោះ ៦នាក់ គឺជាករណីនាំចូលពីក្រៅប្រទេស។
ក្រសួងសុខាភិបាល បានឱ្យដឹងទៀតថា មនុស្ស ៤នាក់ទៀត បានស្លាប់ដោយសារជំងឺផ្លូវដង្ហើមមួយប្រភេទនេះ ក្នុងនោះអ្នកស្លាប់ ២នាក់ មិនបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩នោះឡើយ។
គិតត្រឹមថ្ងៃនេះ ចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩សរុប បានកើនដល់ ២,៩២២នាក់ហើយ គិតចាប់តាំងពីថ្ងៃទី១១ ខែមីនាកន្លងមក នៅពេលដែលកម្ពុជាបានកត់ត្រាករណីស្លាប់ដំបូង។
បើតាមក្រសួងសុខាភិបាល ករណីឆ្លងជំងឺកូវីដ-១៩សរុបនៅកម្ពុជា បានកើនដល់ ១២០,០៣៨នាក់ហើយនៅទូទាំងប្រទេសគិតចាប់តាំងពីការផ្ទុះឡើងនៃជំងឺនេះកាលពីឆ្នាំ២០២០កន្លងមក។
ប៉ុន្តែក្រសួងបញ្ជាក់ថា អ្នកជំងឺកូវីដ-១៩រហូតដល់ ១១៦,៤១៧នាក់ហើយ ត្រូវបានព្យាបាលជាសះស្បើយឡើងវិញ៕
