ទូរទស្សន៍រដ្ឋចិន CCTV បានរាយការណ៍ថា បណ្ដាអ្នកការទូតជាន់ខ្ពស់មកពីប្រទេសអ៊ីរ៉ង់ រុស្ស៊ី និងចិន បានប្រមូលផ្តុំគ្នានៅទីក្រុងប៉េកាំង នាថ្ងៃសុក្រ (១៤ មីនា) នេះ សម្រាប់កិច្ចពិភាក្សាអំពីបញ្ហានុយក្លេអ៊ែររបស់ទីក្រុងតេអេរ៉ង់ ប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីអ៊ីរ៉ង់ បានច្រានចោល "ការបញ្ជា" របស់សហរដ្ឋអាមេរិក ឱ្យបន្តការសន្ទនាលើកម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Mao Ning បាននិយាយថា “កិច្ចប្រជុំនៅទីក្រុងប៉េកាំង គឺជាកិច្ចប្រឹងប្រែងការទូតថ្មីបំផុតរបស់ចិន ក្នុងការពង្រឹងទំនាក់ទំនង និងការសម្របសម្រួល ដើម្បីបង្កើតលក្ខខណ្ឌសម្រាប់ការបន្តកិច្ចសន្ទនា និងការចរចាឡើងវិញ”។

ក្នុងឆ្នាំ២០១៥ អ៊ីរ៉ង់បានឈានដល់កិច្ចព្រមព្រៀងជាមួយសហរដ្ឋអាមេរិក រុស្ស៊ី ចិន អង់គ្លេស បារាំង និងអាល្លឺម៉ង់ ហើយបានយល់ព្រមដាក់ដែនកំណត់កម្មវិធីនុយក្លេអ៊ែររបស់ខ្លួន ជាថ្នូរនឹងការដកទណ្ឌកម្មអន្តរជាតិ។ ប៉ុន្តែនៅឆ្នាំ២០១៨ ក្នុងអាណត្តិប្រធានាធិបតីដំបូងរបស់ខ្លួននៅសេតវិមាន លោក Donald Trump បានដកសហរដ្ឋអាមេរិក ចេញពីកតិកាសញ្ញានេះ។

កាលពីសប្តាហ៍មុន លោក Trump បានផ្ញើលិខិតមួយច្បាប់ទៅថ្នាក់ដឹកនាំអ៊ីរ៉ង់ ដែលស្នើការពិភាក្សាជាមួយសាធារណរដ្ឋអ៊ិស្លាមមួយនេះ ខណៈលោកខាងលិចបារម្ភថា អ៊ីរ៉ង់កំពុងខិតជិតដល់សមត្ថភាពផលិតអាវុធនុយក្លេអ៊ែរយ៉ាងឆាប់រហ័ស។ ប៉ុន្តែប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian បានប្រកែកថា លោកនឹងមិនចរចាជាមួយអាមេរិកទេ ខណៈត្រូវបាន "គំរាមកំហែង" ហើយថា អ៊ីរ៉ង់នឹងមិនឱនក្បាលចំពោះ "ការបញ្ជា" របស់អាមេរិកឡើយ៕