ប្លុកតំបន់អាហ្វ្រិកខាងត្បូង បានសម្រេចចិត្តកាលពីថ្ងៃព្រហស្បតិ៍ ដើម្បីបញ្ចប់ការដាក់ពង្រាយយោធារបស់ខ្លួន ទៅកាន់សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោភាគខាងកើត ជាកន្លែងដែលប្លុកនេះ បានបាត់បង់ទាហានជាង ១០នាក់ នៅក្នុងជម្លោះ ក្នុងខែមករា។

សហគមន៍អភិវឌ្ឍន៍អាហ្វ្រិកខាងត្បូង (SADC) ដែលមានប្រទេសចំនួន ១៦ បានសម្រេចចិត្តនៅក្នុងកិច្ចប្រជុំកំពូលអនឡាញ ស្តីពីជម្លោះនៅក្នុងតំបន់ ដែលបានឃើញភាពចលាចលប្រហែល ៣ទសវត្សរ៍ និងបានឆក់យកជីវិតមនុស្សរាប់លាននាក់។

សហគមន៍អភិវឌ្ឍន៍អាហ្វ្រិកខាងត្បូង បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ នៅចុងបញ្ចប់នៃកិច្ចប្រជុំថា៖«កិច្ចប្រជុំកំពូលបានបញ្ចប់អាណត្តិរបស់បេសកកម្មសហគមន៍អភិវឌ្ឍន៍អាហ្វ្រិកខាងត្បូង នៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ (SAMIDRC) និងដឹកនាំការចាប់ផ្តើមនៃការដកកងទ័ពរបស់ SAMIDRC ចេញពីប្រទេសកុងហ្គោ ជាដំណាក់កាលៗ»។
បេសកកម្មសហគមន៍អភិវឌ្ឍន៍អាហ្វ្រិកខាងត្បូង នៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ (SAMIDRC) ដែលបង្កើតឡើងដោយទាហានមកពីប្រទេសម៉ាឡាវី តង់ហ្សានី និងអាហ្វ្រិកខាងត្បូង ត្រូវបានបញ្ជូនទៅកាន់តំបន់នេះ ក្នុងខែធ្នូ ឆ្នាំ ២០២៣ ដើម្បីជួយរដ្ឋាភិបាលនៃប្រទេសកុងហ្គោ ដែលជាសមាជិកសហគមន៍អភិវឌ្ឍន៍អាហ្វ្រិកខាងត្បូង ( SADC)ផងដែរ ស្តារសន្តិភាព និងសន្តិសុខឡើងវិញ។ អាហ្រ្វិកខាងត្បូង បានបាត់បង់ទាហាន ១៤នាក់ នៅក្នុងជម្លោះភាគខាងកើតហុងហ្គោ ក្នុងខែមករា។