ភ្នំពេញ៖ ឯកឧត្តម ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បង្ហាញវីដេអូចំណាប់អារម្មណ៍ខ្លី ក្នុងនាមតំណាងនៃប្រតិភូប្រទេសពីប្រទេសកម្ពុជា ទៅលើកម្មវិធីទស្សនកិច្ចសិក្សាផ្លាស់ប្តូរបទពិសោធពីប្រព័ន្ធសហគមន៍កសិកម្ម និងការធ្វើផលិតកម្មកសិកម្មតាមកិច្ចសន្យា នៅក្នុងខេត្តយុនណាន ប្រទេសចិន ខណៈប្រព័ន្ធសហគមន៍កសិកម្មនៅក្នុងប្រទេសចិន គឺជាប្រភេទសហគមន៍ដែលតភ្ជាប់តួអង្គសំខាន់ៗនៃខ្សែច្រវ៉ាក់តម្លៃឱ្យនៅក្រោមដំបូលតែមួយ ព្រមទាំងមានផ្តល់ការគាំទ្រខាងផ្នែកបច្ចេកទេស ដើមទុន និងទីផ្សារ ប្រហាក់ប្រហែលគ្នាទៅនឹងកម្មវិធីគោលនយោបាយអាទិភាពនៃសហគមន៍កសិកម្មទំនើបរបស់កម្ពុជាដែរ។
តាមរយៈវីដេអូនេះ ឯកឧត្តម ឃឹម ហ្វីណង់ បានស្នើសុំការអធ្យាស្រ័យ ដោយសារអ្នករៀបចំកម្មវិធីតម្រូវឱ្យនិយាយជាភាសាអង់គ្លេស តែឯកឧត្តម ឃឹម ហ្វីណង់ បានសង្ខេបមកវិញបានថា អ្វីដែលឯកឧត្តម និងក្រុមការងារបានឃើញពីប្រព័ន្ធសហគមន៍កសិកម្មនៅក្នុងប្រទេសចិន គឺជាប្រភេទសហគមន៍ដែលតភ្ជាប់តួអង្គសំខាន់ៗនៃខ្សែច្រវ៉ាក់តម្លៃឱ្យនៅក្រោមដំបូលតែមួយ ព្រមទាំងមានផ្តល់ការគាំទ្រខាងផ្នែកបច្ចេកទេស ដើមទុន និងទីផ្សារ ប្រហាក់ប្រហែលគ្នាទៅនឹងកម្មវិធីគោលនយោបាយអាទិភាពនៃសហគមន៍កសិកម្មទំនើបរបស់យើងដែរ។
ឯកឧត្តមថ្លែងថា ទាំងនេះគឺជាទឡ្ហីករណ៍មួយដែលបង្ហាញឱ្យឃើញថា ប្រទេសដែលខ្លាំងខាងវិស័យកសិកម្ម សុទ្ធសឹងតែយកចិត្តទុកដាក់លើការប្រមូលផ្តុំកសិករតូចៗឱ្យរួមគ្នាផលិតជាសហគមន៍ធំៗ ដើម្បីបង្កើនសមត្ថភាពប្រកួតប្រជែងនៃកសិផលរបស់គេនៅលើទីផ្សារដូចគ្នា មិនមែនត្រូវបានជំរុញតែនៅកម្ពុជានោះទេ។
ឯកឧត្តម ឃឹម ហ្វីណង់ សង្ឃឹមថាកម្ពុជានឹងអាចសម្រេចគោលបំណងនៃការប្រែក្លាយការធ្វើកសិកម្មនៅកម្ពុជា ពីលក្ខណៈគ្រួសារ ឱ្យទៅជាមានការប្រមូលផ្តុំក្នុងទម្រង់សហគ្រាសសេដ្ឋកិច្ចរឹងមាំ ហើយកសិករខ្មែរកាន់តែច្រើននឹងមានភាពជឿជាក់ទៅលើកម្មវិធីគោលនយោបាយដ៏មានសារៈសំខាន់មួយនេះ៕




