ប្រទេសអ៊ីរ៉ាក់កាលពីថ្ងៃព្រហស្បតិ៍ បានអំពាវនាវឲ្យសហរដ្ឋអាមេរិក ពិចារណាឡើងវិញនូវការសម្រេចចិត្តរបស់ខ្លួន ក្នុងការផ្អាកការគាំទ្រសម្រាប់អង្គការអន្តរជាតិ ដែលកំពុងប្រតិបត្តិការ នៅក្នុងប្រទេសនេះ ។

ការអំពាវនាវនេះ បានកើតឡើង ក្នុងអំឡុងពេលកិច្ចប្រជុំបន្ទាន់មួយ ដែលមានការចូលរួមដោយរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ាក់ លោក Fuad Hussein ទីប្រឹក្សាសន្តិសុខជាតិលោក Qasim al-Araji និងរដ្ឋមន្ត្រី និងមន្ត្រីជាន់ខ្ពស់មួយចំនួនទៀត។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ការិយាល័យប្រព័ន្ធផ្សព្វផ្សាយនៃទីប្រឹក្សាសន្តិសុខជាតិអ៊ីរ៉ាក់។

កិច្ចប្រជុំនេះ បានពិភាក្សាអំពីផលប៉ះពាល់នៃការសម្រេចចិត្តរបស់សហរដ្ឋអាមេរិក ក្នុងការផ្អាកការផ្តល់មូលនិធិសម្រាប់កម្មវិធីស្តារនីតិសម្បទាសហគមន៍របស់អង្គការសហប្រជាជាតិសម្រាប់គ្រួសារអ៊ីរ៉ាក់ ដែលត្រឡប់មកពីជំរំជនភៀសខ្លួន Al-Hol ក្នុងប្រទេសស៊ីរី។ គ្រួសារទាំងនេះ កំពុងត្រូវបានតាំងទីលំនៅថ្មី នៅមជ្ឈមណ្ឌល Al-Amal ក្នុងខេត្ត Nineveh ភាគខាងជើងនៃប្រទេសអ៊ីរ៉ាក់។
កិច្ចប្រជុំនេះដែរ ក៏បានសង្កត់ធ្ងន់លើការទទួលត្រូវរបស់សហគមន៍អន្តរជាតិ ក្នុងការផ្តល់ការគាំទ្រយ៉ាងពេញទំហឹង ដល់ដំណើរការស្តារនីតិសម្បទាសម្រាប់គ្រួសារទាំងនោះ ដែលភាគច្រើននៃពួកគេពាក់ព័ន្ធនឹងក្រុមយុទ្ធជន IS ដោយបានលើកឡើងថា នេះគឺការទទួលខុសត្រូវរួម មិនមែនរបស់ប្រទេសអ៊ីរ៉ាក់តែម្នាក់ឯងនោះទេ។
ជំរំជនភៀសខ្លួន Al-Hol ដែលមានទីតាំងនៅភាគឦសានប្រទេសស៊ីរី លំនៅឋានរបស់គ្រួសារអតីតយុទ្ធជន IS ផ្លាស់ទីលំនៅ រួមទាំងជនជាតិអ៊ីរ៉ាក់ ស៊ីរី និងជនបរទេសជាច្រើននាក់។