ក្រសួងការពារជាតិវៀតណាម បានស្នើច្បាប់ថ្មីមួយ ក្នុងគោលបំណងទប់ស្កាត់ការរីកសាយភាយអាវុធប្រល័យលោក (WMDs) ដោយស្វែងរកការពង្រឹងក្របខ័ណ្ឌច្បាប់របស់ប្រទេសនេះ ស្របតាមសន្ធិសញ្ញាអន្តរជាតិ។
យោងតាមសេចក្តីព្រាងដែលរៀបចំដោយក្រសួង អាវុធប្រល័យលោក(WMDs) ត្រូវបានកំណត់ថា ជាអាវុធដែលមានសមត្ថភាពធ្វើឲ្យមានការខាតបង់យ៉ាងសំខាន់លើកងកម្លាំងសត្រូវ គ្រឿងយុទ្ធោករណ៍ បច្ចេកទេស និងហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ច និងការពារ ព្រមទាំងបំផ្លាញបរិស្ថានយ៉ាងធ្ងន់ធ្ងរ បណ្តាលឲ្យ មានផលប៉ះពាល់ផ្លូវចិត្ត និងផ្លូវអារម្មណ៍យ៉ាងជ្រាលជ្រៅ ដល់ប្រជាជន។
អាវុធប្រភេទនេះ រួមមានអាវុធជីវសាស្ត្រ គីមី នុយក្លេអ៊ែរ និងអាវុធវិទ្យុសកម្ម។
ក្រសួងបានព្រមានថា អាវុធបែបនេះ បង្កការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ នៅក្នុងដៃរបស់ប្រទេសនានាដែលមានចេតនាព្យាបាទ ក្រុមភេរវករ ឬតួអង្គមិនមែនរដ្ឋដទៃទៀត។
ក្រសួងការពារជាតិវៀតណាម បានសង្កត់ធ្ងន់ពីការព្រួយបារម្ភកាន់តែខ្លាំងឡើងលើការបង្កើនភាពងាយស្រួលនៃការផលិតប្រល័យលោក ( WMDs) ដោយកត់សម្គាល់ថា បុគ្គលដែលមានចំណេះដឹងជាមូលដ្ឋាននៃគីមីវិទ្យា ឬជីវវិទ្យា អាចផលិតបាន ហើយអាវុធទាំងនេះ អាចត្រូវបានបំផ្ទុះពីចម្ងាយនៅតាមដងផ្លូវដែលមានមនុស្សច្រើន ឬលាក់ទុក នៅកន្លែងសាធារណៈ ទោះបីជាមានការហាមឃាត់យ៉ាងណាក៏ដោយ។