ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអះអាងថា កម្ពុជាប្ដេជ្ញាបន្តការប្រយុទ្ធ នឹងជំងឺអេដស៍ឱ្យកាន់តែមានប្រសិទ្ធភាព ដើម្បីសម្រេចគោលដៅ ៩៥-៩៥-៩៥ នៅឆ្នាំ២០២៥ ។
តាមរយៈសារលិខិតចុះថ្ងៃទី២៤ ខែវិច្ឆិកា សម្រាប់ការប្រារព្ធទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ ធ្នូ ២០២១ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា កម្ពុជាស្ទើរតែសម្រេចគោលដៅ ៩៥-៩៥-៩៥ ទាំងស្រុងរួចទៅហើយ នៅឆ្នាំកន្លងទៅ ទោះបីជាឋិតនៅក្នុងបរិបទ នៃការគំរាមកំហែង នៃមេរោគកូវីដ-១៩ យ៉ាងណាក៏ដោយ។ ក្រសួងស្ថាប័នរដ្ឋបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ព្រមទាំងដៃគូទាំងអស់ បានចូលរួមយ៉ាងសកម្មក្នុងចរន្តជាតិនៃការប្រយុទ្ធប្រឆាំងនឹងមេរោគអេដស៍ និងជំងឺអេដស៍។
សម្តេចតេជោ បានជំរុញឱ្យមានការរួមគ្នាខិតខំថែមទៀតក្នុងការស្វែងរកអ្នកផ្ទុកមេរោគអេដស៍ ដែលបាត់មុខមិនទាន់មកទទួលសេវាព្យាបាល និងក្នុងការបញ្ចៀសកុំឱ្យមានការបោះបង់ការព្យាបាល របស់អ្នកផ្ទុកមេរោគអេដស៍ទាំងអស់ ចំនួនប្រមាណ១ម៉ឺន២ពាន់នាក់។
ក្រសួង ស្ថាប័ន រាជធានី-ខេត្ត ក្រុង-ស្រុក ខណ្ឌ ឃុំ-សង្កាត់ ត្រូវតែដើរតួនាទីនាំមុខជាអ្នកសម្របសម្រួលកម្មវិធីបង្ការទប់ស្កាត់ការរីករាលដាល នៃមេរោគអេដស៍ក្នុងចំណោមប្រជាជនគន្លឹះ ដូចជាក្រុមបុរសរួមភេទជាមួយបុរស ក្រុមបំប្លែងភេទ ក្រុមអ្នកបម្រើសេវាកម្សាន្តសប្បាយជាដើម។ ដើម្បីឈានទៅសម្រេចជោគជ័យ នៃការបង្ការទប់ស្កាត់ការរីករាលដាលនេះ ស្ថាប័នរដ្ឋទាំងអស់ ទាំងថ្នាក់ជាតិ ទាំងថ្នាក់ក្រោមជាតិ ត្រូវតែសហការឱ្យបានជិតស្និទ្ធជាមួយប្រតិបត្តិករ ព្រមទាំងជាមួយសហគមន៍ នៃប្រជាជនគន្លឹះទាំងអស់ ក្នុងការផ្សព្វផ្សាយសារសុវត្ថិភាព នៃការរួមភេទដូចជាការប្រើប្រាស់ស្រោមអនាម័យកម្មវិធី PrEP ឬ PEP ឬការធ្វើតេស្តរកមេរោគអេដស៍ ដោយ ខ្លួនឯងជាដើម។
សម្តេចតេជោ បានបញ្ជាក់ទៀតថា ក្នុងស្មារតីឈានទៅសម្រេចគោលដៅ៩៥-៩៥-៩៥ នៅឆ្នាំ ២០២៥ គោលនយោបាយចម្បងរបស់រាជរដ្ឋាភិបាល ផ្តោតលើវិធានការបញ្ចប់វិសមភាព បញ្ចប់អេដស៍ និងបញ្ចប់ជំងឺរាតត្បាត ដោយពង្រីកអត្រាគ្របដណ្ដប់សេវាថែទាំព្យាបាល ព្រមទាំងផ្តល់ភាពងាយស្រួល ដល់អ្នកផ្ទុកមេរោគអេដស៍ ឱ្យមកទទួលទាំងសេវានេះ ទាំងផលប្រយោជន៍ នៃកម្មវិធីគាំពារសង្គម ដោយមិនទុកនរណាម្នាក់ចោលនោះឡើយ។
សម្តេច ក៏បានអំពាវនាវដល់អង្គការដៃគូអន្តរជាតិ ឱ្យជួយគាំទ្រការពង្រឹងប្រព័ន្ធជាតិ តាមរយៈការ បន្តផ្តល់ជំនួយហិរញ្ញវត្ថុ និងបច្ចេកទេសក្នុងការងារឆ្លើយតបមេរោគអេដស៍ និងជំងឺអេដស៍ ក្នុងប្រទេសកម្ពុជា ដើម្បីលុបបំបាត់ការចម្លងមេរោគអេដស៍ និងយកជ័យជម្នះលើមេរោគអេដស៍ឱ្យបានតាមកាលកំណត់៕
អត្ថបទ៖ មុត សុទ្ធ
