ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយ បន្ទាប់ពីមានកិច្ចពិភាក្សា ជាមួយសមភាគីបេឡារុស លោក អាឡិចសាន់ឌឺ លូកាសិនកូ (Alexander Lukashenko) នៅវិមានក្រឹមឡាំងថា អឺរ៉ុបនឹងអាចទទួលបានឧស្ម័នរុស្ស៊ី ក្នុងតម្លៃថោក ជាថ្មី ប្រសិនបើរុស្ស៊ី និងសហរដ្ឋអាមេរិក យល់ព្រមលើកិច្ចសហប្រតិបត្តិការថាមពល ជាមួយគ្នានោះ។
លោក ពូទីន បានបញ្ជាក់ថា៖«ប្រសិនបើសហរដ្ឋអាមេរិក និងរុស្ស៊ី យល់ព្រមលើកិច្ចសហប្រតិបត្តិការថាមពល នោះបំពង់បង្ហូរឧស្ម័នសម្រាប់អឺរ៉ុប អាចត្រូវបានផ្តល់ឲ្យ ហើយកិច្ចសហប្រតិបត្តិការនេះ នឹងផ្តល់អត្ថប្រយោជន៍ ដល់អឺរ៉ុប ព្រោះទ្វីបនេះ នឹងទទួលបានឧស្ម័នរុស្ស៊ី ក្នុងតម្លៃថោក»។

មេដឹកនាំប្រទេសបេឡារុស បានមកដល់ទីក្រុងមូស្គូកាលពីថ្ងៃព្រហស្បតិ៍ ក្នុងដំណើរទស្សនកិច្ចផ្លូវការដែលជាដំណើរលើកដំបូងរបស់លោក ចាប់តាំងពីលោក បានជាប់ឆ្នោតជាថ្មី នៅក្នុងខែមករា។
បន្ទាប់ពីកិច្ចប្រជុំប្រធានាធិបតីនៃប្រទេសរុស្ស៊ី និងបេឡារុស បានចេញសេចក្តីថ្លែងការណ៍រួមមួយ ដែលទីក្រុងមូស្គូ និងទីក្រុង Minsk នឹងបន្តពង្រីកជាបណ្តើរៗ នូវកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងសេដ្ឋកិច្ចលើវិស័យផ្សេងៗ។

