ភ្លៀងធ្លាក់ខ្លាំងនៅភាគខាងជើងនិងភាគខាងត្បូងប្រទេសប៉េរូ បានបណ្តាលឲ្យមនុស្សស្លាប់និងរងរបួស និងខូចខាតហេដ្ឋារចនាសម្ព័ន្ធជាច្រើន។
យោងតាមរបាយការណ៍របស់រដ្ឋាភិបាលបានឲ្យដឹងថា នៅក្នុងតំបន់ Apurimac ភាគខាងត្បូង បំណាក់ដីបានបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ម្នាក់ស្លាប់ និងមនុស្សមួយចំនួនដែលមិនស្គាល់អត្តសញ្ញាណបានបាត់ខ្លួន។ បំណាក់ដី បានគ្របដណ្តប់លើផ្លូវចម្ងាយ១០០ម៉ែត្រ នៃផ្លូវ Highway ជាផ្លូវសំខាន់មួយតភ្ជាប់ប្រទេសប៉េរូ ជាមួយប្រទេសប្រេស៊ីល ដោយបាននាំយករថយន្តដឹកទំនិញ និងយានយន្តជាច្រើនគ្រឿង ហូរតាមដីល្បប់។
អង្គភាពសេវាសង្គ្រោះបន្ទាន់ រួមទាំងនគរបាល និងអ្នកពន្លត់អគ្គិភ័យ ត្រូវបានបញ្ជូនទៅបោសសម្អាតតំបន់នោះ និងស្វែងរកអ្នកបាត់ខ្លួន។ នៅភាគខាងត្បូង ភ្លៀងធ្លាក់ខ្លាំង បានប្រែក្លាយផ្លូវជាច្រើនខ្សែនៅទីក្រុង Juliaca តំបន់ Puno ទៅជាទន្លេ។
យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានឱ្យដឹងថា តំបន់ Piura ភាគខាងជើង ក៏បានទទួលរងបំណាក់ដីដែលបានបំផ្លាញលំនៅឋានជាច្រើនខ្នង និងស្ពានពីរកន្លែង ធ្វើឱ្យពិបាកក្នុងការដឹកជញ្ជូនជំនួយមនុស្សធម៌ទៅដល់ប្រជាជន។
អង្គភាពសេវាឧតុនិយម បានចេញការព្រមានពណ៌លឿងទុំសម្រាប់តំបន់ភ្នំ ដោយសារការរំពឹងទុកថាមានភ្លៀងធ្លាក់ខ្លាំង និងព្រិល ចាប់ពីថ្ងៃសុក្រ ទី១៤ ខែមីនានេះ រហូតដល់ថ្ងៃអាទិត្យ ទី១៦ ខែមីនា។