ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ២៥ឆ្នាំកន្លងទៅនេះ ភាពជាដៃគូអាស៊ី-អឺរ៉ុប បានបោះជំហានទៅមុខ ឆ្ពោះទៅរកអនាគតមួយ ដែលភ្លឺថ្លាជាងមុន។ វឌ្ឍនភាព និងសមិទ្ធផលជាច្រើនត្រូវបានASEMបង្កើតឡើង។
ក្នុងពិធីបិទកិច្ចប្រជុំពេញអង្គ នៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ កាលពីម្សិលមិញ សម្តេចតេជោ ហ៊ុន សែន ដែលជាប្រធានកិច្ចប្រជុំ បានសម្ដែងការពេញចិត្តចំពោះវឌ្ឍនភាព និងសមិទ្ធផលជាច្រើនរបស់ ASEM ដែលទទួលបានកន្លងមក ពិសេសគឺការប្តេជ្ញាចិត្តលើកកម្ពស់ បន្ថែមទៀតនូវតួនាទីរបស់ ASEM ក្នុងការជំរុញពហុភាគីនិយម និងអភិបាលកិច្ចសកល ដែលគេកាន់តែត្រូវការ ដើម្បីដោះស្រាយបញ្ហាប្រឈមរួម ដែលជាគ្រឹះនៃសន្តិភាព ស្ថិរភាព និងវិបុលសុខសកល។
សម្ដេចតេជោ បានបញ្ជាក់ថា ពិតណាស់ការគោរពគ្នាទៅវិញទៅមក ការយោគយល់គ្នាទៅវិញទៅ មក និងការជឿទុកចិត្តគ្នា គឺជាគោលការណ៍នាំផ្លូវសម្រាប់ពហុភាគីនិយម។
សម្តេចតេជោ បានបញ្ជាក់ថា កិច្ចប្រជុំបានលើកឡើងអំពីបញ្ហាប្រឈម ដែលមិនធ្លាប់កើតមានពី មុនមក ដោយបណ្តាលមកពីជំងឺកូវីដ-១៩ ដែលប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពសាធារណៈ និងវិបត្តិសេដ្ឋ កិច្ច-សង្គម។ ដើម្បីដោះស្រាយបញ្ហាប្រឈមទាំងអស់នេះ កិច្ចប្រជុំបានឯកភាពគ្នាថា សាមគ្គីភាព កិច្ចសហប្រតិបត្តិការអន្តរជាតិ និងការជំរុញវ៉ាក់សាំងពហុភាគីនិយម គឺជាកូនសោរគន្លឹះ។ ដូច្នេះ ការការពារសុខភាព និងសន្តិសុខរបស់ប្រជាជន ក៏ដូចជាការលើកកម្ពស់សាមគ្គីភាពរវាងរដ្ឋ និងរដ្ឋគួរតែជាអាទិភាព។ ការស្តារសេដ្ឋកិច្ចក្រោយកូវីដ-១៩ គឺជាអាទិភាពរួម។
ក្នុងន័យនេះ កិច្ចប្រជុំបានសម្តែងនូវការគាំទ្រចំពោះ ការពង្រឹងប្រព័ន្ធពាណិជ្ជកម្មផ្អែកលើវិធានច្បាប់ និងប្តេជ្ញាការពារខ្សែច្រវ៉ាក់ផ្គត់ផ្គង់ដោយរលូន និងគ្មានការ រាំងស្ទះ ក៏ដូចជាជំរុញនូវឌីជីថលូបនីយកម្ម និងពិនិត្យមើលលទ្ធភាព នៃការបើកឡើងវិញនូវវិស័យ ទេសចរណ៍ប្រកបដោយសុវត្ថិភាព និងទំនួលខុសត្រូវ។
សម្ដេចតេជោ បានបញ្ជាក់ទៀតថា ក្នុងកិច្ចប្រជុំ ភាគច្រើន ក៏បានប្តេជ្ញាចិត្តចំពោះការអភិវឌ្ឍបៃតង និងកម្រិតកាបូនទាប ដើម្បីរក្សាកម្រិតការកើនឡើងកម្ដៅផែនដី ស្របតាមកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពី ១៥ អាកាសធាតុ។ ក្នុងន័យនេះ ការផ្ដល់ជំនួយបច្ចេកទេស និងហិរញ្ញវត្ថុដល់ប្រទេសកំពុងអភិវឌ្ឍ ត្រូវតែជាអាទិភាពមួយ៕
អត្ថបទ៖ មុត សុទ្ធ