ប្រធានាធិបតីបណ្តោះអាសន្នរបស់ប្រទេសស៊ីរី កាលពីថ្ងៃព្រហស្បតិ៍ (ទី១៣ ខែមីនា) បានចុះហត្ថលេខាលើរដ្ឋធម្មនុញ្ញបណ្តោះអាសន្នមួយ ដែលធ្វើឲ្យប្រទេសនេះស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមក្រុមឥស្លាមនិយម សម្រាប់រយៈពេល ៥ឆ្នាំ ក្នុងដំណាក់កាលអន្តរកាលនេះ។
មេដឹកនាំបណ្តោះអាសន្នរបស់ប្រទេសនេះ បានជួបការលំបាក ក្នុងការអនុវត្តសិទ្ធិអំណាចរបស់ខ្លួណ នៅទូទាំងប្រទេសស៊ីរី ចាប់តាំងពីអតីតក្រុមបះបោរឥស្លាម Hayat Tahrir al-Sham ឬ HTS បានដឹកនាំការបះបោរយ៉ាងលឿនរហ័សដូចផ្លេកបន្ទោរ ដែលបានផ្តួលរំលំរបបដ៏យូរអង្វែងរបស់ប្រធានាធិបតី លោក Bashar Assad ក្នុងខែធ្នូឆ្នាំមុន។

អតីតមេដឹកនាំក្រុម HTS លោក Ahmad al-Sharaa ឥឡូវនេះ គឺជាប្រធានាធិបតីបណ្តោះអាសន្នរបស់ប្រទេស ជាការសម្រេចមួយដែលត្រូវបានប្រកាសបន្ទាប់ពីកិច្ចប្រជុំនៃក្រុមប្រដាប់អាវុធដែលបានចូលរួមក្នុងការវាយលុកប្រឆាំងនឹងលោក Assad។ ក្នុងកិច្ចប្រជុំដដែលនោះ ក្រុមទាំងនោះ បានយល់ព្រមលុបចោលរដ្ឋធម្មនុញ្ញចាស់របស់ប្រទេស ហើយបាននិយាយថា ច្បាប់ថ្មីនឹងត្រូវបានព្រាងឡើង។
បើទោះបីមនុស្សជាច្រើនសប្បាយចិត្តនឹងឃើញការបញ្ចប់ការគ្រប់គ្រងផ្តាច់ការរបស់គ្រួសារ Assad អស់រយៈពេលជាង ៥០ឆ្នាំ នៅក្នុងប្រទេសដែលហែកហួរដោយសង្រ្គាម ក៏ជនជាតិភាគតិចផ្សេងៗ និងជំនឿសាសនាផ្សេងៗ មិនទាន់មានការជឿជាក់ ចំពោះមេដឹកនាំឥស្លាមនិយមថ្មីនោះលើយ ហើយស្ទាក់ស្ទើរក្នុងការអនុញ្ញាតឲ្យទីក្រុងដាម៉ាស ក្រោមអាជ្ញាធរថ្មីគ្រប់គ្រងតំបន់របស់ពួកគេ។
លោក Abdulhamid Al-Awak ជាម្នាក់ ក្នុងចំណោមសមាជិកទាំង ៧រូប នៃគណៈកម្មាធិការរបស់លោក al-Sharaa ដែលទទួលបន្ទុករៀបចំសេចក្តីព្រាងរដ្ឋធម្មនុញ្ញបណ្តោះអាសន្ន បានប្រាប់សន្និសីទសារព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ (ទី១៣ ខែមីនា) ថា ខ្លួននឹងបន្តរក្សានូវបទប្បញ្ញត្តិមួយចំនួនពីច្បាប់មុន ក្នុងនោះរួមទាំងការចែងថា ប្រមុខរដ្ឋត្រូវតែជាជនមូស្លីម ហើយច្បាប់ឥស្លាម គឺជាប្រភពសំខាន់នៃយុត្តិសាស្រ្ត៕

