ក្រុមអ្នកការទូត កាលពីថ្ងៃព្រហស្បតិ៍ (ទី១៣ ខែមីនា) បានប្រាប់ឲ្យដឹងថា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) បានព្រមព្រៀងគ្នាលើសេចក្តីថ្លែងការណ៍ថ្កោលទោសអំពើហិង្សាដែលរីករាលដាលនៅក្នុងតំបន់ឆ្នេររបស់ស៊ីរី និងបានអំពាវនាវឲ្យអាជ្ញាធរបណ្តោះអាសន្នរបស់ប្រទេសនេះការពារប្រជាជនស៊ីរីទាំងអស់ ដោយមិនគិតពីជាតិសាសន៍ ឬសាសនាណាមួយឡើយ។
ក្រុមអ្នកការទូត បានលើកឡើងថា សេចក្តីថ្លែងការណ៍របស់ប្រធានាធិបតីរុ ដែលត្រូវបានព្រាងឡើងដោយស្ស៊ី និងអាមេរិក គ្រោងនឹងអនុម័តជាផ្លូវការនៅថ្ងៃសុក្រ (ទី១៤ ខែមីនា) នេះ។ សេចក្តីថ្លែងការណ៍បែបនេះ ចាំបាច់ត្រូវមានការព្រមព្រៀងគ្នាជាឯកច្ឆន្ទ។ វាកើតឡើងបន្ទាប់ពីក្រុមប្រឹក្សាដែលមានសមាជិក ១៥រូប បានជួបប្រជុំគ្នាដោយបិទទ្វារ ស្ដីពីបញ្ហាស៊ីរី កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ។
សូមបញ្ជាក់ថា មានការប៉ះទង្គិចគ្នាយ៉ាងហិង្សាជាច្រើនថ្ងៃ នៅតំបន់ឆ្នេររបស់ប្រទេសស៊ីរី ដោយក្រុមអ្នកស្មោះត្រង់នឹងអតីតប្រធានាធិបតី លោក Bashar al-Assad ដែលត្រូវបានទម្លាក់ចេញពីតំណែង ប្រយុទ្ធជាមួយនឹងកងកម្លាំងរបស់មេដឹកនាំអ៊ីស្លាមនិយមថ្មី។ ហើយស្ថាប័នឃ្លាំមើលសង្គ្រាម បានឲ្យដឹងថា មនុស្សជាង ១.០០០នាក់ ត្រូវបានសម្លាប់៕



