ដោយដកស្រង់សម្តីពីមន្ត្រីអាមេរិក និងអ៊ីស្រាអែល ទីភ្នាក់ងារសារព័ត៌មាន Associated Press (AP) នៅថ្ងៃសុក្រ (ទី១៤ ខែមីណា) បានរាយការណ៍ថា សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានទាក់ទងទៅមន្ត្រីនៃប្រទេសអាហ្វ្រិកខាងកើតចំនួន ៣ ដើម្បីពិភាក្សាអំពីការប្រើប្រាស់ដែនដីរបស់ពួកគេ ជាកន្លែងតាំងទីលំនៅថ្មីឲ្យជនជាតិប៉ាឡេស្ទីន នៅក្រៅតំបន់ហ្កាហ្សា។
ដោយស្រង់សម្តីរបស់មន្ត្រីអាមេរិក និងអ៊ីស្រាអែលជាប្រភព សារព័ត៌មាន AP បានឲ្យដឹងថា មន្ត្រីមកពីប្រទេសស៊ូដង់ សូម៉ាលី និងតំបន់ផ្ដាច់ខ្លួន គឺសូម៉ាលីឡែន ត្រូវបានទាក់ទង ពាក់ព័ន្ធនឹងសំណើនេះ។
ទោះបីជាយ៉ាងណាក្ដី សារព័ត៌មាន AP បានឲ្យដឹងបន្ថែមថា មន្ត្រីស៊ូដង់ បានប្រាប់ថា ពួកគេបានច្រានចោលសំណើរបស់សហរដ្ឋអាមេរិក ហើយមន្ត្រីមកពីប្រទេសសូម៉ាលី និងតំបន់សូម៉ាលីឡែន បាននិយាយថា ពួកគេមិនបានដឹងពីការទាក់ទងណាមួយឡើយ។

ពាក់ព័ន្ធនឹងសេចក្ដីរាយការណ៍នេះ សេតវិមាន និងក្រសួងការបរទេសសហរដ្ឋអាមេរិក មិនបានឆ្លើយតបភ្លាមៗនោះឡើយ ចំពោះសំណើសុំការអត្ថាធិប្បាយរបស់សារព័ត៌មាន Reuters។ ហើយទាំងអ្នកនាំពាក្យរបស់ប្រទេសសូម៉ាលី និងតំបន់ផ្ដាច់ខ្លួនសូម៉ាលីឡែន មិនបានលើកទូរសព្ទរបស់ព័ត៌មាន Reuters ដែលបានហៅទៅ ដើម្បីសុំការអត្ថាធិប្បាយនោះដែរ។
កាលពីដើមខែនេះ បណ្ដាមេដឹកនាំអារ៉ាប់បានព្រមព្រៀងទទួលយកផែនការកសាងឡើងវិញរបស់អេហ្ស៊ីប ដែលត្រូវចំណាយប្រាក់ ៥៣ពាន់លានដុល្លារ សម្រាប់តំបន់ហ្កាហ្សា ពោលគឺជាគម្រោងដែលបញ្ចៀសការផ្លាស់ទីលំនៅរបស់ជនជាតិប៉ាឡេស្ទីន ដោយប្រឆាំងនឹងចក្ខុវិស័យរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump ដែលចង់អភិវឌ្ឍនតំបន់នេះឲ្យទៅជា «Middle East Riviera» (តំបន់មជ្ឈិមបូព៌ាដស៊ីវិល័យ)។
លោក Trump បានលើកឡើងពីសំណើឲ្យសហរដ្ឋអាមេរិកកាន់កាប់តំបន់ហ្កាហ្សា ជាកន្លែងដែលការវាយលុកដោយយោធារបស់អ៊ីស្រាអែលក្នុងរយៈពេល ១៧ខែចុងក្រោយនេះ បានសម្លាប់មនុស្សរាប់ម៉ឺននាក់ ដើម្បីកសាងឡើងវិញនូវតំបន់ដែលរងវិនាសកម្មមួយនេះ បន្ទាប់ពីបានប្រាប់ថា ជនជាតិប៉ាឡេស្ទីនគួរតែត្រូវបានផ្លាស់ទីលំនៅជាអចិន្ត្រៃយ៍ទៅកន្លែងផ្សេង៕


