ភ្នំពេញ ៖ ខណៈអាកាសធាតុចុះត្រជាក់ជាបណ្តើរៗ ចាប់ពីពេលនេះ តទៅ ប្រជាពលរដ្ឋបានគោរពតាមការណែនាំរបស់ក្រសួងជំនាញ ដើម្បីការពារសុខភាព ពេលអាកាសធាតុចុះត្រជាក់ ជាពិសេសជំងឺកូវីដ-១៩។
ពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី២៦ខែវិច្ឆិកានេះ បានប្រាប់BTVឲ្យដឹងថា ដើម្បីការពារខ្លួនកុំឲ្យឈឺក្នុងពេលអាកាសធាតុចុះត្រជាក់ គឺត្រូវទទួលទានអាហារដែលមានសាធាតុចិញ្ចឹមគ្រប់គ្រាន់ ហាត់ប្រាណ ទៅទិញសំលៀកបំពាក់ក្រាស់ និងគោរពតាមការណែរបស់ក្រសួងជំនាញ ជាពិសេសវិធានការទប់ស្កាត់ជំងឺកូវីដ-១៩ ។
អ្នកលក់សំលៀកបំពាក់នៅម្តុំផ្សារបឹងកេងកង បានឲ្យដឹងដែរថា ការលក់អាវរងារនៅពេលនេះមិនសូវដាច់ដូចឆ្នាំមុន ពោលដោយសារឆ្នាំមុន នៅអំឡុងខែតុលាអាកាសធាតុចាប់ផ្តើមចុះត្រជាក់ មានអ្នកមកទិញច្រើន ប៉ុន្តែពួកគាត់រំពឹងទុកថា ចាប់ពីខែធ្នូតទៅនឹងមានអតិថិជនមកច្រើន ប្រសិនបើអាកាសធាតុចុះត្រជាក់ ដូចការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម។
កន្លងទៅថ្មីៗនេះ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីប្រកាសព័ត៌មាន ដោយបានបញ្ជាក់ថា កម្ពុជានឹងចាប់ផ្ដើមចុះត្រជាក់ ចាប់ពីសប្តាហ៍ទី១ ខែធ្នូ ដល់សប្តាហ៍ទី៣ ខែធ្នូ និងពីសប្តាហ៍ទី៤ នៃខែធ្នូ ដល់ខែកុម្ភៈ ឆ្នាំ២០២២។ នៅក្នុងអំឡុងពេលនោះ អាកាសធាតុនឹងចុះត្រជាក់ ពីសីតុណ្ហភាពអប្បបរមាចន្លោះពី១៥ ទៅ២១អង្សាសេ ទៅតាមតំបន់ផ្សេងៗក្នុងប្រទេសកម្ពុជា។
ជាមួយគ្នានេះ ក្រសួងសុខាភិបាលបានចេញសេចក្តីជូនដណឹងស្តីពីការការពារការចម្លងវីរុសកូវីដ-១៩ និងការប្រុងប្រយ័ត្នការពារសុខភាពពេលអាកាសធាតុចុះត្រជាក់ ដោយក្រសួងបានណែនាំដូចជា៖ ត្រូវស្លៀកពាក់អាវក្រាស់ៗ រុំកនឹងកន្សែង ពាក់មួកនិងស្រោមដៃរងារ ដើម្បីការពារកុំឲ្យធាតុត្រជាក់ប៉ះខ្លួនប្រាណដោយចំហរ ធ្វើយ៉ាងណាឲ្យមានការរក្សាកំដៅក្នុងខ្លួនជាធម្មតា។ចូលស្វែងរកការព្យាបាលវេជ្ជសាស្រ្ត នៅគ្រឹះស្ថានសុខាភិបាល ប្រសិនបើលោកអ្នកមានរោគសញ្ញា ពិបាកដកដង្ហើម គ្រុនក្តៅ ក្អក ឈឺក និងឈឹសាច់ដុំ ឫសង្ស័យថាជាជំងឺកូវីដ-១៩ ជាដើម៕
អត្ថបទ៖ទូច សោភ័ណ