មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF)កាលពីថ្ងៃព្រហស្បតិ៍ បានស្វាគមន៍សំណើររបស់រដ្ឋាភិបាលលីបង់ថ្មីសុំការគាំទ្រ ក្នុងការដោះស្រាយបញ្ហាប្រឈមសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរ។
ប្រទេសលីបង់កាលពីខែមករា បានបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មី បន្ទាប់ពីតំណែងនេះ នៅទំនេរជាងពីរឆ្នាំ ហើយបន្ទាប់មកបានបង្កើតរដ្ឋាភិបាលមួយ ដែលដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ណាវ៉ាហ្វ សាឡាម (Nawaf Salam)។ កាលពីខែកុម្ភៈ IMF បាននិយាយថា ខ្លួនបើកចំហចំពោះកិច្ចព្រមព្រៀងប្រាក់កម្ចីថ្មី ជាមួយប្រទេសនេះ បន្ទាប់ពីពិភាក្សាជាមួយរដ្ឋមន្ត្រីហិរញ្ញវត្ថុ ដែលទើបតែងតាំងថ្មីរបស់ខ្លួន។
រដ្ឋបាលចាំផ្ទះមុន មិនបានធ្វើកំណែទម្រង់ ដែល IMF បានទាមទារឲ្យអនុវត្តកញ្ចប់ប្រាក់កម្ចី ដើម្បីជួយ សង្គ្រោះសេដ្ឋកិច្ច ដែលបានដួលរលំនោះទេ។
IMF បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«អ្នកផ្តល់ប្រាក់កម្ចីពិភពលោក បានស្វាគមន៍ចំពោះសំណើរបស់អាជ្ញាធរសម្រាប់កម្មវិធីថ្មី ដែលគាំទ្រដោយ IMF ដើម្បីជំរុញកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេក្នុងការដោះស្រាយបញ្ហាប្រឈមសេដ្ឋកិច្ចសំខាន់ៗរបស់ប្រទេសលីបង់»។
លោក Ernesto Ramirez Rigo ប្រធានគណៈប្រតិភូ IMF ប្រចាំប្រទេសលីបង់ បាននិយាយថា៖«សេដ្ឋកិច្ចរបស់ប្រទេសលីបង់ នៅតែធ្លាក់ចុះយ៉ាងធ្ងន់ធ្ងរ ហើយភាពក្រីក្រ និងភាពអត់ការងារធ្វើ មានកម្រិតខ្ពស់ជាពិសេស ចាប់តាំងពីវិបត្តិ ឆ្នាំ ២០១៩»។