អាជ្ញាធរបានប្រកាសថា នៅក្នុងប្រតិបត្តិការទូលំទូលាយមួយ កាលពីថ្ងៃព្រហស្បតិ៍ នគរបាលទួរគី បានឃាត់ខ្លួនជនសង្ស័យចំនួន ៤នាក់ ពីបទផ្តល់មូលនិធិដល់ក្រុមរដ្ឋឥស្លាម (IS)។
ដោយគ្របដណ្តប់លើខេត្តចំនួន ៤ ប្រតិបត្តិការនេះ គឺជាផ្នែកមួយនៃការស៊ើបអង្កេតដោយការិយាល័យរបស់អគ្គរដ្ឋអាជ្ញាសាធារណៈ នៅទីក្រុង Izmir ភាគខាងលិចប្រទេសទួរគី។
ការិយាល័យនេះ បានបញ្ជាក់ថា ដីកាឃុំខ្លួន ត្រូវបានចេញសម្រាប់បុគ្គលចំនួន ៥នាក់ បន្ទាប់ពីការផ្ទេរប្រាក់គួរឲ្យសង្ស័យ ដែលបានចាត់ទុកថា ជា«អំណោយសប្បុរសធម៌» ត្រូវបានរកឃើញ នៅក្នុងសកម្មភាពគណនីធនាគាររបស់ពួកគេ។
បន្ទាប់ពីមានបទបញ្ជា អង្គភាពប្រឆាំងភេរវករ បានធ្វើការវាយឆ្មក់ ក្នុងពេលដំណាលគ្នា នៅទីតាំងផ្សេងៗក្នុងខេត្ត Izmir, Antalya, Sivas និងខេត្ត Sirnak។
ក្នុងប្រតិបត្តិការនេះ ជនសង្ស័យចំនួន ៤នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ដោយបន្តតាមចាប់ម្នាក់ដែលនៅសេសសល់។
ប្រទេសទួរគី ដែលបានចាត់ទុកក្រុម IS ជាអង្គការភេរវករ នៅក្នុងឆ្នាំ ២០១៣ បានប្រឈមមុខនឹងការវាយប្រហារជាច្រើនដោយក្រុមនេះ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។ ជាការឆ្លើយតប កងកម្លាំងសន្តិសុខទួរគី បានបង្កើនប្រតិបត្តិការប្រឆាំងភេរវកម្មក្នុង និងក្រៅប្រទេស ដោយកំណត់គោលដៅទៅលើសមាជិក និងអ្នកគាំទ្រ ដែលគេសង្ស័យ។