សហភាពអ៊ឺរ៉ុប (EU) គួរតែត្រៀមខ្លួន ដើម្បីបង្កើនជំនួយយោធាឲ្យបានទ្វេដងដល់អ៊ុយក្រែន នៅឆ្នាំនេះ ពោលគឺដល់ចំនួន ៤០ពាន់លានអឺរ៉ូ (៤៣ពាន់លានដុល្លារ) ប្រសិនបើចាំបាច់។ នេះបើយោងតាមឯកសារ ស្ដីពីពិភាក្សារបស់ទីភ្នាក់ងារការទូតរបស់ប្លុកនេះ ដែលសារព័ត៌មាន Reuters បានឃើញ នៅថ្ងៃសុក្រ (ទី១៤ ខែមីនា) នេះ។
ឯកសារ ជាកំណែចុងក្រោយនៃសំណើពីមុន ដែលកំណត់ពីតម្រូវការរបស់អ៊ុយក្រែន ប៉ុន្តែមិនបានបង្ហាញតួលេខជាក់លាក់នោះ ក៏លើកឡើងផងដែរថា ប្រទេស EU នីមួយៗ ដែលចូលរួមក្នុងកិច្ចប្រឹងប្រែងនេះ គួរតែរួមចំណែក «ឲ្យស្របតាមទម្ងន់សេដ្ឋកិច្ចរបស់ខ្លួន»។

ដោយការគាំទ្រនាពេលអនាគតរបស់សហរដ្ឋអាមេរិក ចំពោះអ៊ុយក្រែន មិនច្បាស់លាស់ បណ្តាប្រទេស EU បានបង្ហាញពីឆន្ទៈយ៉ាងទូលំទូលាយ ក្នុងការបន្តគាំទ្រប្រទេសដែលកំពុងមានសង្រ្គាមបង្កឡើងដោយការលុកលុយរបស់រុស្ស៊ីនៅឆ្នាំ២០២២ ប៉ុន្តែអ្នកការទូតនិយាយថា រដ្ឋជាច្រើនប្រឆាំងនឹងតួលេខថេរ។
ឯកសារនេះ ឲ្យដឹងទៀតថា EU បានផ្តល់ជំនួយយោធាប្រហែល ២០ពាន់លានអឺរ៉ូដល់អ៊ុយក្រែន កាលពីឆ្នាំមុន ហើយបានជំរុញបណ្តាប្រទេស EU ឲ្យផ្ដល់ក្នុងកម្រិតនេះទៀត នៅឆ្នាំ២០២៥ ដោយចំនួនសរុប «អាចឈានដល់» ៤០ពាន់លានអឺរ៉ូ អាស្រ័យលើតម្រូវការរបស់ទីក្រុងគីវ។
បណ្ដាមេដឹកនាំ EU ទំនងជានឹងពិភាក្សា អំពីសំណើរបស់ទីភ្នាក់ងារសកម្មភាពខាងក្រៅអឺរ៉ុប (EEAS) ដែលដឹកនាំដោយអតីតនាយករដ្ឋមន្ត្រីអេស្តូនី លោកស្រី Kaja Kallas ក្នុងកិច្ចប្រជុំកំពូលមួយ នាសប្តាហ៍ក្រោយ៕


