ប្រទេសចិនបានជំរុញឲ្យបញ្ចប់ការដាក់ទណ្ឌកម្ម «ដោយខុសច្បាប់» លើប្រទេសអ៊ីរ៉ង់ ខណៈដែលខ្លួនធ្វើជាម្ចាស់ផ្ទះទទួលអ្នកការទូតមកពីប្រទេសនេះ និងរុស្ស៊ី នៅថ្ងៃសុក្រ (ទី១៤ ខែមីនា) នេះ សម្រាប់កិច្ចពិភាក្សា ដែលទីក្រុងប៉េកាំងសង្ឈឹមថា នឹងចាប់ផ្តើមកិច្ចចរចារដែលជាប់គាំងជាយូរមកហើយ ស្តីពីកម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងតេអេរ៉ង់។
គួររំលឹកថា សហរដ្ឋអាមេរិក បានដកខ្លួនចេញពីកិច្ចព្រមព្រៀងដ៏សំខាន់ឆ្នាំ២០១៥ ដែលទប់ស្កាត់ការអភិវឌ្ឍនុយក្លេអ៊ែររបស់ទីក្រុងតេអេរ៉ង់ ជាថ្នូរនឹងការបន្ធូរបន្ថយទណ្ឌកម្ម ក្នុងអំឡុងពេលអាណត្តិដំបូងរបស់ប្រធានាធិបតីអាមេរិកលោក Donald Trump។
លោកប្រធានាធិបតីរបស់បក្សសាធារណរដ្ឋរូបនេះ បានអំពាវនាវឲ្យមានកិច្ចព្រមព្រៀងនុយក្លេអ៊ែរថ្មីជាមួយអ៊ីរ៉ង់ ចាប់តាំងពីវិលត្រលប់ទៅកាន់សេតវិមានវិញ ក្នុងខែមករា ប៉ុន្តែទីក្រុងតេអេរ៉ង់ ប្រាប់ថា គ្មានកិច្ចព្រមព្រៀងបែបនេះ អាចកើតឡើងបានទេ ដរាបណាការដាក់ទណ្ឌកម្ម នៅតែមាន។
កិច្ចប្រឹងប្រែង ដើម្បីធានាឲ្យបាននូវកតិកាសញ្ញាមួយ បានក្លាយជាភាពបន្ទាន់ថ្មី កាលពីខែមុន នៅពេលដែលស្ថាប័នឃ្លាំមើលនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិ បានឲ្យដឹងថា អ៊ីរ៉ង់បានបង្កើនការស្តុកទុកសារធាតុអ៊ុយរ៉ាញ៉ូមកម្រិតខ្ពស់។
ក្នុងឱកាសមានជំនួបជាមួយមន្ត្រីការទូតនៃប្រទេសអ៊ីរ៉ង់ និងរុស្ស៊ី មន្ត្រីការទូតជាន់ខ្ពស់របស់ចិន គឺលោក Wang Yi បានសង្កត់ធ្ងន់ថា៖ «កិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយ ស្ដីពីបញ្ហានុយក្លេអ៊ែរអ៊ីរ៉ង់ គឺជាសមិទ្ធិផលដ៏សំខាន់ដែលត្រូវសម្រេចបានតាមរយៈការសន្ទនា និងការចរចា»។
លោកបានបញ្ជាក់បន្ថែមថា៖ «ឥឡូវនេះស្ថានការណ៍បានឈានដល់ចំណុចសំខាន់ជាថ្មីម្តងទៀតហើយ។ យើងត្រូវតែបង្កើតពេលវេលា ដើម្បីឲ្យមានសន្តិភាព ដោះស្រាយជម្លោះតាមរយៈវិធីសាស្ត្រនយោបាយ និងការទូត ហើយប្រឆាំងនឹងការប្រើប្រាស់កម្លាំង និងការដាក់ទណ្ឌកម្មខុសច្បាប់»៕