ទីភ្នាក់ងារស្បៀងអាហាររបស់អង្គការសហប្រជាជាតិ នៅថ្ងៃសុក្រ (ទី១៤ ខែមីនា) នេះ បានប្រាប់ឲ្យដឹងថា មនុស្សជាង ១លាននាក់ នៅសហភាពមីយ៉ាន់ម៉ា នឹងត្រូវកាត់ចេញពីជំនួយដែលផ្តល់ដោយកម្មវិធីស្បៀងអាហារពិភពលោក (WFP) ចាប់ពីខែមេសាតទៅ ដោយសារតែកង្វះខាតថវិកាធ្ងន់ធ្ងរ។
WFP បានបន្ថែមថា៖ «ការកាត់បន្ថយទាំងនេះ កើតមានឡើងស្របពេលដែលជម្លោះកើនឡើង ការផ្លាស់ទីលំនៅមានកាន់តែច្រើន ហើយការលំបាកក្នុងការចូលទៅកាន់ទីកន្លែងនានា កំពុងធ្វើឲ្យតម្រូវការជំនួយស្បៀងអាហារមានកាន់តែខ្លាំងឡើងៗ»។
សហភាពមីយ៉ាន់ម៉ាបានស្ថិតក្នុងភាពចលាចល ចាប់តាំងពីដើមឆ្នាំ២០២១ មក នៅពេលដែលក្រុមយោធាដ៏មានឥទ្ធិពលរបស់ប្រទេសនេះ បានទម្លាក់រដ្ឋាភិបាលស៊ីវិលជាប់ឆ្នោត ដោយបង្កឲ្យមានចលនាតវ៉ាដែលបានរីករាលដាលទៅជាការបះបោរប្រដាប់អាវុធទូទាំងប្រទេស ប្រឆាំងនឹងរបបយោធាកំពុងកាន់អំណាច។
បើយោងតាមអ្នកជំនាញសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ បានឲ្យដឹងថា ប្រជាជនមីយ៉ាន់ម៉ាជិត ២០លាននាក់ កំពុងត្រូវការជំនួយមនុស្សធម៌ ហើយប្រមាណ ១៥,២លាននាក់ ពោលគឺប្រហែល ១ភាគ៣ នៃចំនួនប្រជាជនរបស់ប្រទេសនេះ កំពុងប្រឈមមុខនឹងអសន្តិសុខស្បៀងយ៉ាងធ្ងន់ធ្ងរ។
យ៉ាងណាក្ដី ពាក់ព័ន្ធនឹងកាត់ចេញនេះ WFP មិនបានបញ្ជាក់លម្អិត អំពីកង្វះថវិកានោះឡើយ និងថា តើការធ្វើបែបនេះ គឺដោយសារការសម្រេចរបស់រដ្ឋបាលលោក Donald Trump ក្នុងការកាត់បន្ថយជំនួយបរទេសរបស់សហរដ្ឋអាមេរិកជាសាកលដែរ ឬទេ៕