នៅថ្ងៃសុក្រនេះ ក្រសួងការពារជាតិរុស្ស៊ី បានចុះផ្សាយរូបភាពវីដេអូឃ្លីបពីភូមិ Cherkasskoe Porechnoe និងភូមិ Pravda ស្ថិតក្នុងតំបន់ Kursk ជិតព្រមដែនរុស្ស៊ី-អ៊ុយក្រែន ។
ក្រសួងនិយាយថា កងកម្លាំងរុស្ស៊ី ដណ្តើមបានទីតាំងឈរជើង Cherkasskoe Porechnoe កាលពីថ្ងៃទី ៩ ខែមីនា និងទីតាំងឈរជើង Pravda កាលពីថ្ងៃទី ១១ ខែមីនា ។
រូបភាពវីដេអូឃ្លីបបញ្ចេញដោយក្រសួងការពារជាតិរុស្ស៊ី ឃើញអគាររងការបំផ្លិចបំផ្លាញនៅទីតាំងឈរជើងទាំង ២ ក្រោយការប៉ះទង្គិចគ្នាដ៏ខ្លាំងក្លាជាមួយកងកម្លាំងអ៊ុយក្រែន ។
គួរឲ្យដឹងថា ប្រធានាធិបតីរុស្ស៊ី លោកប្រធានាធិបតី Vladimir Putin បាននិយាយកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះថា រុស្ស៊ី បានឡោមព័ទ្ធទាហានអ៊ុយក្រែនដែលនៅសេសសល់ក្នុងតំបន់ភាគខាងលិច Kursk ជាទីដែលពួកគេបានជាប់គាំងអស់រយៈពេលជាង ៧ខែក្នុងសមរភូមិដ៏សំខាន់មួយនៃសង្រ្គាមជាង៣ឆ្នាំកន្លងមកនេះ ។
លោក Putin បាននិយាយថាទាហានអ៊ុយក្រែនត្រូវបានកាត់ផ្តាច់នៅខាងក្នុងតំបន់ឈ្លានពាន។ ហើយប្រសិនបើមានការបិទផ្លូវដោយកងទ័ពណាមួយនឹងកើតឡើងនៅប៉ុន្មានថ្ងៃខាងមុខ នោះគ្មាននរណាម្នាក់ នឹងអាចចាកចេញបានឡើយ ហើយមានតែវិធីពីរយ៉ាងប៉ុណ្ណោះ គឺការទម្លាក់អាវុធចុះចាញ់ ឬស្លាប់ ។
រយៈពេល ១ថ្ងៃបន្ទាប់ពីណែនាំមេបញ្ជាការជាន់ខ្ពស់របស់លោកឲ្យបញ្ចប់ការបណ្តេញកងកម្លាំងអ៊ុយក្រែនឱ្យ លឿនបំផុតតាមដែលអាចធ្វើទៅបាន លោក Putin និយាយប្រាប់សន្និសីទសារព័ត៌មានថា ស្ថានភាពនៅតំបន់ Kursk គឺស្ថិតនៅក្រោមការគ្រប់គ្រងរបស់យើងទាំងស្រុង ហើយក្រុមដែលឈ្លានពានទឹកដីរបស់យើងគឺស្ថិតនៅក្នុងស្ថានភាពយ៉ាប់យ៉ឺន ៕