ក្រសួងការបរទេសអ៊ីស្រាអែល និយាយកាលពីថ្ងៃព្រហស្បតិ៍ថា អ៊ីស្រាអែល បានបញ្ជូនជំនួយមនុស្សធម៌ទៅកាន់តំបន់សហគមន៍ Druze ស្ថិតក្នុងប្រទេសជិតខាងស៊ីរី ក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ ដែលជាសញ្ញាបន្ថែមទៀតនៃការគាំទ្រជនជាតិភាគតិចស៊ីរី ហើយពួកគេបានជំរុញឲ្យអឺរ៉ុបត្រូវតែមានចំណែកក្នុងការការពារជនជាតិភាគតិចទាំងអស់នេះ ។
រដ្ឋមន្រ្តីការបរទេសអ៊ីស្រាអែលលោក Gideon Saar និយាយនៅក្នុងសន្និសីទសារព័ត៌មានជាមួយសមភាគីក្រិក និងស៊ីបរបស់លោកនៅទីក្រុងអាតែនថា អឺរ៉ុបត្រូវតែមានចំណែកនៅក្នុងការការពារជនជាតិភាគតិចស៊ីរី ។ ពួកគេត្រូវតែបន្តឃ្លាំមើលគោលនយោបាយរបស់ទួរគីនៅក្នុងតំបន់ និងតំបន់ជិតខាង ។
អ៊ីស្រាអែល បានជំរុញឲ្យមានការគាំទ្រតំបន់ Druze បន្ទាប់ពីការផ្តួលរំលំអតីតមេដឹកនាំស៊ីរីលោក Bashar al-Assad កាលពីខែធ្នូ និងការជំនួសលោកដោយប្រធានាធិបតីស្តីទី Ahmed al-Sharaa ។
បន្ទាប់ពីការដួលរលំរបស់លោក Assad អ៊ីស្រាអែល បានបើកការវាយប្រហារតាមច្រកអាកាសលើមូលដ្ឋានយោធាស៊ីរី និងបញ្ជូនកងកម្លាំងរបស់ពួកគេចូលទៅក្នុងតំបន់យោធាត្រួតពិនិត្យដោយអង្គការសហប្រជាជាតិ(UN) នៅក្នុងប្រទេសស៊ីរី គឺអ្វីដែលពួកគេនិយាយថាជាវិធានគ្មានកំណត់ និងការពារខ្លួន ។
ក្រសួងការបរទេសអ៊ីស្រាអែល និយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា នៅក្នុងប្រតិបត្តិការដែលបានធ្វើក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ ជំនួយមនុស្សធម៌ ១ម៉ឺកញ្ចប់ ត្រូវបានបញ្ជូនទៅកាន់តំបន់សហគមន៍ Druze ដែលស្ថិតក្នុងតំបន់សង្រ្គាមរបស់ប្រទេសស៊ីរី ៕