ក្រុមមេដឹកនាំសហភាពអឺរ៉ុប(EU) បានប្រកាសកញ្ចប់វិនិយោគទុន ៤,៧ពាន់លានអឺរ៉ូ(ស្មើនឹង ៥,១ពាន់លានដុល្លារ) អំឡុងដំណើរទស្សនកិច្ចទៅកាន់អាហ្វ្រិកខាងត្បូងកាលពីថ្ងៃព្រហស្បតិ៍ នៅពេលដែលភាគីទាំងស្ថិតក្នុងស្ថានភាពដ៏អាក្រក់បំផុតជាមួយសហរដ្ឋអាមេរិក ជាងពេលដែលពួកគេធ្លាប់មានក្នុងរយៈកាលជាច្រើនទសវត្សរ៍កន្លងមកនេះ ។
ក្រុមមេដឹកនាំអឺរ៉ុបនិយាយថា ដំណើរទស្សនកិច្ចនេះ គឺជាឱកាសមួយ ដើម្បីពង្រឹងទំនាក់ទំនងជិតស្និតជាមួយប្រទេសសេដ្ឋកិច្ចរីកចម្រើនលឿនបំផុតរបស់អាហ្វ្រិកមួយនេះ ជាប់ជួននឹងការធ្វើជាប្រធានលើកក្រោយរបស់ក្រុមប្រទេសមានសេដ្ឋកិច្ចរីកលូតលាស់ G20 ដែលមកទល់នឹងពេលនេះ ក្រុមមន្រ្តីសហរដ្ឋអាមេរិកច្រានចោលភាគច្រើន ពុំព្រមចូលរួម ។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានធ្វើឲ្យក្រុមមេដឹកនាំអឺរ៉ុបមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ពេលដែលលោកងាកទៅរករុស្ស៊ីនៅក្នុងសង្រ្គាមអ៊ុយក្រែន ជាការបញ្ចប់គោលនយោបាយសហរដ្ឋអាមេរិក ចាប់តាំងពីការវាយលុកពេញលេញរបស់ទីក្រុងម៉ូស្គូលើអ៊ុយក្រែន កាលពីឆ្នាំ ២០២២ ។
ចំណែកឯ គោលជំហរគាំទ្រអ៊ីស្រាអែលរបស់លោក Trump បានធ្វើឲ្យគាត់ធ្លាក់ក្នុងជម្លោះផងដែរជាមួយអាហ្វ្រិកខាងត្បូង ជុំវិញករណីប្តឹងអ៊ីស្រាអែលពីបទប្រល័យពូជសាសន៍លើជនប៉ាឡេស្ទីន នៅតុលាការពិភពលោក ឬតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) ។
រដ្ឋបាលសហរដ្ឋអាមេរិក បានធ្វើអន្តរកម្មខ្លួនឯងផងដែរលើគោលនយោបាយក្នុងស្រុកអឺរ៉ុប និងអាហ្វ្រិកខាងត្បូង ដោយលោក Trump បានរិះគន់អឺរ៉ុបសម្រាប់ការប៉ុនប៉ងធ្វើឲ្យឯកាក្រុមស្តាំនិយម និងមិនអើពើក្តីបារម្ភរបស់អ្នកបោះឆ្នោតពីការធ្វើអន្តោប្រវេសន៍ ខណៈកាត់ផ្តាច់ជំនួយទៅកាន់អាហ្វ្រិកខាងត្បូង ជុំវិញកិច្ចខិតខំរបស់ពួកគេលើកឡើងពីភាពអយុត្តិធម៌ទឹកដីប្រវត្តិសាសន៍ ៕