ភ្នំពេញ ៖ មន្ទីរពេទ្យគន្ធបុប្ផា ដែលជាមន្ទីរពេទ្យព្យាបាលដ៏ល្បីជូនដល់កុមារកម្ពុជា ដោយមិនយកថវិកា បានកំពុងត្រូវការឈាមជាបន្ទាន់ ដើម្បីស្រោចស្រង់អាយុជីវិតកុមារជាប្រចាំថ្ងៃ ខណៈឈាមដែលបំរុងទុកមិនគ្រប់តាមតម្រូវការនោះឡើយ ដូច្នេះមន្ទីរពេទ្យ សូមអំពាវនាវដល់បងប្អូន សប្បុរសជនខ្មែរទាំងអស់ឲ្យជួយបរិច្ចាគ។
បើតាមការបញ្ជាក់ពីក្រុមគ្រួពេទ្យជំនាញខាងផ្តល់យោបល់ឈាម បានប្រាប់ទូរទស្សន៍ BTVនាព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១នេះថា នាពេលបច្ចុប្បន្នមន្ទីរពេទ្យគន្ធបុប្ផា បានកំពុងខ្វះខាតឈាម ដែលបំរុងទុកហើយ ដោយសារតែកុមារកម្ពុជា ដែលឈឺហើយត្រូវការឈាមជាប្រចាំថ្ងៃមានច្រើន ស្របពេល បញ្ហាមេរោគកូវីដ១៩ផង បានធ្វើឲ្យប្រជាជន និងឱពុកម្តាយរបស់កុមារមិនសូវហ៊ានបរិច្ចាគ និងពុកម្តាយ ខ្លះគ្មានកម្លាំងកំហែងគ្រប់គ្រាន់សម្រាប់បរិច្ចាគឈាមរបស់ពួកគេជាដើមនោះ។
ក្រុមគ្រូពេទ្យដែលកំពុងបំរើការនៅមន្ទីរពេទ្យគន្ធបុប្ផា នៅក្បែរវត្តភ្នំនោះ បានបញ្ជាក់ថា« កុមារជាច្រើនបានកំពុងចូលសម្រាកព្យាលបាលនៅមន្ទីរពេទ្យនេះ ហើយកុមារខ្លះត្រូវការឈាមសង្រ្គោះបន្ទាន់ កុមារខ្លះទៀតត្រូវការឈាមមធ្យម។
ប៉ុន្តែដោយសារឈាមស្តុកទុករបស់មន្ទីរពេទ្យខើចទើបការសង្រ្គោះ ជួបការលំបាក ដូច្នេះក្រុមគ្រូពេទ្យត្រូវការជំនួយឈាមបន្ថែមជាបន្ទាន់»។
បើតាមលិខិតអំពាវនាវរបស់មន្ទីរពេទ្យ បានបញ្ជាក់ថា ប្រសិនបើបងប្អូនសប្បុរសជនត្រូវការបរិច្ចាគ មន្ទីរពេទ្យបានបើកទទួលការចូលបរិច្ចាគឈាម ចាប់ពីម៉ោង ៨ដល់ ១១ព្រឹក និងពីម៉ោង២ ដល់ ៤ល្ងាច ហើយបងប្អូនសប្បុរសជន អាចទៅបរិច្ចាគឈាមនៅមន្ទីរពេទ្យគន្ធបុប្ផាក្នុងរាជធានីភ្នំ ដែលនៅជិតវត្តភ្នំដូនពេញ និងក្បែព្រះបរមរាជវាំង។
ក្រៅពីនេះ ពលរដ្ឋក៏អាចបរិច្ចាគនៅមន្ទីរពេទ្យគន្ធបុប្ផាជ័យវ័រ្មនទី៧ នៅខេត្តសៀមរាបផងដែរ។សម្រាប់ព័ត៌មានបន្ថែម អាចទំនាក់ទំនងតាមលេខទូរស័ព្ទ ០១៧ ៨៧ ៨៧៤៥៕
អត្ថបទ ៖ បាន ចក់


