យោងតាមការអះអាងរបស់ក្រុមអាជ្ញាធរ បានឲ្យដឹងថា នៅថ្ងៃសុក្រនេះ កងកម្លាំងសន្តិសុខអេក្វាឌ័រ ត្រូវបានដាក់ពង្រាយទៅកាន់ទីក្រុងធំបំផុត Guayaquil របស់ប្រទេសមួយនេះ បន្ទាប់ពីអំពើហិង្សាជនអន្ធពាល បានសម្លាប់មនុស្ស ២២នាក់ ។
ក្រុមនគរបាល និងមន្រ្តីយោធា ត្រូវបានបញ្ជូនទៅកាន់សង្កាត់ Nuevo Prosperina ស្ថិតនៅភាគខាងជើងទីក្រុង Guayaquil ក្រោយការប៉ះទង្គិចគ្នាហិង្សា បានផ្ទុះឡើងកាលពីរសៀលថ្ងៃព្រហស្បតិ៍ ។
លោក Pablo Davila គឺជាអធិការនគរបាលក្នុងស្រុកមួយរូប និយាយប្រាប់សារព័ត៌មានថា ការផ្ទុះអាវុធ បានជាប់ពាក់ព័ន្ធនឹងក្រុមឧក្រិដ្ឋជន Los Tiguerones ។
ក្រុមគរបាល បានចុះប្រតិបត្តិការឆ្លើយតប ដោយធ្វើការរុករកទីតាំងប្រហែល ២០០កន្លែង និងរឹបអូសបានអាវុធ និងគ្រាប់រំសេវជាច្រើន ។ មនុស្ស ១៤នាក់ រួមទាំងអានីតិជន ២នាក់ ត្រូវបានចាប់ខ្លួន ។
សូមបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ រដ្ឋាភិបាល បានបង្កើនការឆ្លើយតបរបស់ខ្លួននៅតំបន់មានអំពើហិង្សាខ្លាំងបំផុតរបស់អេក្វាឌ័រ ដែលជាផ្នែកមួយនៃសង្រ្គាមរបស់លោកប្រធានាធិបតី Daniel Noboa លើក្រុមឧក្រិដ្ឋជនជួញដូរគ្រឿងញៀន ។
ក្រុមឧក្រិដ្ឋជន Los Tiguerones និងក្រុមអន្ធពាលផ្សេងទៀត ត្រូវបានចាត់ទុកថា ជាក្រុមភេរវកម្មដោយរដ្ឋាភិបាលអេក្វាឌ័រ ៕