អ្នកនាំពាក្យអង្គការសហប្រជាជាតិ (UN) នៅថ្ងៃសុក្រ (ទី១៤ ខែមីនា) នេះ បាននិយាយថា អគ្គលេខាធិការ UN លោក Antonio Guterres នឹងធ្វើជាម្ចាស់ផ្ទះកិច្ចពិភាក្សា នាសប្តាហ៍ក្រោយ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ដើម្បីពិភាក្សាអំពីអនាគតរបស់ប្រទេសស៊ីប ជាមួយនឹងមេដឹកនាំជនជាតិភាគតិចស៊ីប-ក្រិក និងស៊ីប-ទួរគី និងអ្នកតំណាងមកពីប្រទេសក្រិក ទួរគី និងអង់គ្លេស។
អំឡុងសន្និសីទសារព័ត៌មាន នៅទីក្រុងហ្សឺណែវ អ្នកនាំពាក្យ UN លោក Michele Zaccheo បាននិយាយថា៖ «កិច្ចប្រជុំក្រៅផ្លូវការនេះ នឹងផ្តល់ឱកាសមួយ ដើម្បីឲ្យមានកិច្ចពិភាក្សាដ៏មានអត្ថន័យ អំពីផ្លូវឆ្ពោះទៅរកដំណោះស្រាយ សម្រាប់បញ្ហារបស់ប្រទេសស៊ីប»។
ការចរចាត្រូវបានគេមើលឃើញថា ជាមធ្យោបាយមួយ ដើម្បីព្យាយាមបំបែកភាពជទាល់ច្រក ក្នុងកិច្ចចរចាដែលជាប់គាំងក្នុងឆ្នាំ២០១៧។ ប្រធានាធិបតីលោក Nikos Christodoulides ត្រូវបានអញ្ជើញឲ្យចូលរួមក្នុងនាមជាមេដឹកនាំសហគមន៍ស៊ីប-ក្រិក រួមជាមួយមេដឹកនាំស៊ីប-ទួរគី លោក Ersin Tatar ដែលជាប្រមុខនៃរដ្ឋផ្ដាច់ខ្លួននៅភាគខាងជើងប្រទេសស៊ីប ដែលមានតែប្រទេសទួរគីប៉ុណ្ណោះទទួលស្គាល់។
សូមបញ្ជាក់ថា ប្រទេសកោះមួយនេះ ត្រូវបានបំបែក អំឡុងពេលមានការលុកលុយរបស់ទួរគី ក្នុងឆ្នាំ១៩៧៤ ក្រោយមានរដ្ឋប្រហាររយៈពេលខ្លីដែលត្រូវបានជំរុញដោយក្រិក ពោលគឺបន្ទាប់ពីមានអំពើហិង្សាជាច្រើនឆ្នាំ រវាងជនជាតិស៊ីប-ក្រិក និងស៊ីប-ទួរគី ដែលវាបានកើតឡើងស្ទើរតែភ្លាមៗ បន្ទាប់ពីទទួលបានឯករាជ្យពីចក្រភពអង់គ្លេសក្នុងឆ្នាំ១៩៦០៕