អ្នកការទូតរបស់សហភាពអឺរ៉ុប (EU) ២រូប នៅថ្ងៃសុក្រ (ទី១៤ ខមីនា) នេះ បានប្រាប់ឲ្យដឹងថា ប្លុកនេះ ត្រូវបានគេរំពឹងថា នឹងដាក់ទណ្ឌកម្មលើបុគ្គលចំនួន ៩នាក់ ពាក់ព័ន្ធនឹងអំពើហិង្សា នៅក្នុងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ។
យ៉ាងណាក្ដី ពួកគេមិនបានបង្ហាញអត្តសញ្ញាណបុគ្គលដែលបានត្រូវកំណត់ក្នុងបញ្ជីនោះឡើយ ដោយបន្តអនុវត្តគោលការណ៍លាក់ព័ត៌មានលម្អិតបែបនេះ មុនពេលទណ្ឌកម្មត្រូវបានអនុម័តជាផ្លូវការ។ រដ្ឋមន្ត្រីការបរទេស EU ត្រូវបានគេរំពឹងថា នឹងអនុម័តការដាក់ទណ្ឌកម្មនេះ នៅទីក្រុងប៊្រុចសែល ប្រទេសស្វីស នាថ្ងៃចន្ទសប្តាហ៍ក្រោយ។
គួរបញ្ជាក់ថា ក្រុមឧទ្ទាម M23 បានដណ្តើមកាន់កាប់ទីក្រុងធំជាងគេចំនួន ២ របស់កុងហ្គោភាគខាងកើត ចាប់តាំងពីខែមករា ជាការកើនឡើងនូវភាពតានតឹង ក្នុងជម្លោះដ៏រ៉ាំរ៉ៃ ដែលបានកើតឡើងនៅកុងហ្គោ ដោយសារការរាលដាលពីអំពើប្រល័យពូជសាសន៍ នៅឆ្នាំ១៩៩៤ របស់ប្រទេសរ្វ៉ាន់ដា និងការប្រយុទ្ធគ្នា ដើម្បីគ្រប់គ្រងធនធានរ៉ែដ៏មហាសាលរបស់កុងហ្គោ។
ប្រភពរដ្ឋាភិបាល បានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា នាពេលនេះ កុងហ្គោកំពុងពិចារណាថា តើត្រូវបញ្ជូនអ្នកតំណាងទៅចរចាសន្តិភាពជាមួយក្រុម M23 ដែលអង់ហ្គោឡាគ្រោងធ្វើជាម្ចាស់ផ្ទះ នៅសប្តាហ៍ក្រោយ ដែរ ឬយ៉ាងណា។ រ៉្វាន់ដាត្រូវបានចោទប្រកាន់ថា បានជួយគាំទ្រក្រុមឧទ្ទាម M23 ដែលដឹកនាំដោយជនជាភាគតិច Tutsi ជាការចោទប្រកាន់មួយដែលត្រូវបានច្រោលចោល។
EU បានកោះហៅឯកអគ្គរដ្ឋទូតរ្វ៉ាន់ដា កាលពីខែមុន ដោយបានអំពាវនាវឲ្យប្រទេសនេះ «ដកទ័ពចេញជាបន្ទាន់» ពីទឹកដីកុងហ្គោ និងឲ្យ «បញ្ឈប់ការគាំទ្រក្រុម M23 និងក្រុមប្រដាប់អាវុធផ្សេងទៀត»៕