ក្រុមហាម៉ាស នៅថ្ងៃសុក្រ (ទី១៤ ខែមីនា) នេះ បានប្រាប់ឲ្យដឹងថា ខ្លួនបានយល់ព្រមដោះលែងអ្នកមានសញ្ជាតិ២ អាមេរិក-អ៊ីស្រាអែល ដែលត្រូវបានគេជឿថា ជាចំណាប់ថ្នូរជនជាតិអាមេរិកនៅរស់ចុងក្រោយគេដែលត្រូវបានឃុំខ្លួន នៅតំបន់ហ្កាហ្សា បន្ទាប់ពីទទួលបានសំណើពីអ្នកសម្របសម្រួល ដើម្បីបន្តការចរចាលើដំណាក់កាលទី២ នៃកិច្ចព្រមព្រៀងបទឈប់បាញ់។
ក្រុមហាម៉ាសបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួនបានឆ្លើយតប «ប្រកបដោយភាពវិជ្ជមាន» ចំពោះសំណើដែលត្រូវបានបង្ហាញកាលពីថ្ងៃទី១៣ ខែមីនា ដើម្បីឲ្យចាប់ផ្ដើមកិច្ចចរចាឡើងវិញ។ ដោយមិនមានការផ្ដល់ព័ត៌មានលម្អិតបន្ថែមនោះ ក្រុមនេះបានប្រាប់ទៀតថា ខ្លួនក៏នឹងដោះលែងផងដែរនូវចំណាប់ថ្នូរសញ្ជាតិ២ ចំនួន ៤នាក់ផ្សេងទៀត។ ពាក់ព័ន្ធនឹងសេចក្ដីថ្លែងការណ៍នេះ មិនទាន់មានការអត្ថាធិប្បាយភ្លាមៗនោះឡើយ ពីអ៊ីស្រាអែល។
កិច្ចប្រជុំ រវាងមេដឹកនាំក្រុមហាម៉ាស និងអ្នកចរចាចំណាប់ថ្នូរអាមេរិក លោក Adam Boehler ក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ បានស្វែងរកឲ្យមានការដោះលែងលោក Edan Alexander ជាបុរសអាយុ ២១ឆ្នាំមកពីរដ្ឋ New Jersey ដែលបានបម្រើការជាទាហានជាមួយយោធាអ៊ីស្រាអែល។
បេសកជនពិសេសរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump គឺលោក Steve Witkoff បានប្រាប់អ្នកសារព័ត៌មាន នៅសេតវិមានកាលពីដើមខែមីនាថា ការធ្វើឲ្យលោក Alexander មានសេរីភាព គឺជា «អាទិភាពចម្បង»។
សូមបញ្ជាក់ថា សហរដ្ឋអាមេរិក កាតា និងអេហ្ស៊ីប បាននិងកំពុងព្យាយាមធ្វើយ៉ាងណាកុំឲ្យមានការខ្វែងគំនិតគ្នា រវាងក្រុមសកម្មប្រយុទ្ធឥស្លាម និងអ៊ីស្រាអែល ដើម្បីចាប់ផ្តើមការចរចាឡើងវិញ សម្រាប់ដំណាក់កាលទី២ នៃកិច្ចព្រមព្រៀងបទឈប់បាញ់ ដែលនឹងឈានដល់ការដោះលែងចំណាប់ថ្នូរនៅសល់ និងជួយសម្រួលដល់ការចូលនៃជំនួយទៅក្នុងដែនដីដែលហែកហួរដោយសង្រ្គាម៕