អគ្គលេខាធិការអង្គការសហប្រជាជាតិ(UN)លោក Antonio Guterres បានបំពេញទស្សនកិច្ចទៅកាន់ជំរំជនភៀសខ្លួននៅប្រទេសបង់ក្លាដែស ពេលដែលចំណែកអាហាររបស់ពួកគេប្រឈមនឹងការកាត់បន្ថយយ៉ាងធ្ងន់ធ្ងរ គំរាមកំហែងដល់ស្ថានភាពរស់នៅដ៏លំបាកស្រាប់របស់ពួកគេ នៅក្នុងជំរំជនភៀសខ្លួនធំបំផុតរបស់ពិភពលោកមួយនេះ ។
ដំណើរទស្សនកិច្ចរបស់លោក Guterres ទៅកាន់ទីក្រុងព្រំដែន Cox’s Bazar នាថ្ងៃសុក្រនេះ ត្រូវបានគេមើលឃើញថាជារឿងសំខាន់ ក្រោយទីភ្នាក់ងារស្បៀងអាហាររបស់ UN បានប្រាប់ឲ្យដឹងថា មនុស្សជាង ១លាននាក់ នៅសហភាពមីយ៉ាន់ម៉ា នឹងត្រូវកាត់ចេញពីជំនួយដែលផ្តល់ដោយកម្មវិធីស្បៀងអាហារពិភពលោក (WFP) ចាប់ពីខែមេសាតទៅ ដោយសារតែកង្វះខាតថវិកាធ្ងន់ធ្ងរ ។
WFP និយាយថា ការកាត់បន្ថយទាំងនេះ កើតមានឡើងស្របពេលដែលជម្លោះកើនឡើង ការផ្លាស់ទីលំនៅមានកាន់តែច្រើន ហើយការលំបាកក្នុងការចូលទៅកាន់ទីកន្លែងនានា កំពុងធ្វើឲ្យតម្រូវការជំនួយស្បៀងអាហារមានកាន់តែកើនឡើង ។
ចាប់ពីខែមេសាតទៅ WFP អាចនឹងបង្ខំកាត់បន្ថយជំនួយសម្រាប់ជនជាតិរ៉ូហ៊ីងយ៉ាពី ១២.៥ ដុល្លារ មកនៅត្រឹម ៦ដុល្លារ ក្នុង ១ខែ សម្រាប់ជនជាតិរ៉ូហ៊ីងយ៉ាងម្នាក់ៗ ដោយសារកង្វះខាតមូលនិធិ ជាហេតុធ្វើឲ្យកើតមានក្តីបារម្ភដល់គ្រោះអត់ឃ្លាននៅក្នុងជំរំមានមនុស្សច្រើនលើសចំណុះមួយនេះ ៕