ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយ ឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខាធិការ រួមជាមួយមន្ត្រីនៃនាយកដ្ឋានផ្សព្វផ្សាយកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះគាំទ្រតម្រង់ទិសការអនុវត្តន៍ការងាររបស់មន្ត្រីកសិកម្មឃុំ-សង្កាត់ទាំងចាស់ ទាំងថ្មី នៅតំបន់មេគង្គក្រោម ក្នុងខេត្តចំនួន៣ មានខេត្តកណ្តាល ខេត្តស្វាយរៀង និងខេត្តព្រៃវែង។ ក្នុងនោះខេត្តកណ្តាល ដែលមានមន្ត្រីកសិកម្មឃុំសរុបទាំងចាស់ ថ្មីចំនួន៧០នាក់ ខេត្តស្វាយរៀង ចំនួន៦៨នាក់ និងខេត្តព្រៃវែងចំនួន៩០នាក់។
នាឱកាសនៃវគ្គបណ្តុះបណ្តាលតម្រង់ទិសនោះ ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ បានលើកឡើងអំពី៖១. យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ នៃរាជរដ្ឋាភិបាលនីតិកាលទី៧ ២.គោលនយោបាយអាទិភាពទាំង៦ ជាពិសេសគោលនយោបាយអាទិភាពទី៥ទី៦ ៣. តួនាទីភារកិច្ចមន្ត្រីកសិកម្មឃុំសង្កាត់។
ជាមួយគ្នានោះដែរ ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ បានលើកទឹកចិត្តដល់មន្ត្រីកសិកម្មឃុំទាំងចាស់ថ្មី បំពេញការងារនៅមូលដ្ឋានឱ្យបានល្អ សហការជាមួយភាគីពាក់ព័ន្ធ សំដៅធ្វើយ៉ាងណាបម្រើកសិករ ដោយស្មោះត្រង់ សម្រេចបាននូវការបង្កើនប្រាក់ចំណេញខ្ពស់ពីវិស័យកសិកម្ម ដើម្បីចក្ខុវិស័យ កម្ពុជាក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ឆ្នាំ២០៣០ និងក្លាយជាប្រទេសមានចំណូលខ្ពស់ឆ្នាំ២០៥០។ សូមបញ្ជាក់ថា គិតមកត្រឹមថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ នេះ ដំណើរការចុះតម្រង់ទិស ដល់មន្ត្រីកសិកម្មឃុំថ្មី អនុវត្តបាន១៥ខេត្តរួចហើយ៕









