ភ្នំពេញ៖ ក្នុងសន្និបាតបូកសរុបការងារវិស័យុត្តិធម៌ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានណែនាំឱ្យចៅក្រម-ព្រះរាជអាជ្ញាត្រូវប្រើឆន្ទានុសិទ្ធិដោយទំនួលខុសត្រូវ។ នេះបើតាមការឱ្យដឹងពីឯកឧត្តម សេង ឌីណ អ្នកនាំពាក្យក្រសួងយុត្តិធម៌។
ថ្លែងក្នុងសន្និសីទសារព័ត៌មានក្រោយពិធីបិទសន្និបាតបូកសរុបការងារវិស័យយុត្តិធម៌ឆ្នាំ២០២៤ និងលើកទិសដៅការងារអាទិភាពឆ្នាំ២០២៥ កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ ម្សិលមិលនេះ ឯកឧត្តម សេង ឌីណា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ ថ្លែងថា ក្នុងសន្និបាតនេះ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានណែនាំទៅព្រះអាជ្ញា និងចៅក្រមទាំងអស់ត្រូវប្រើប្រាស់ឆន្ទានុសិទ្ធិប្រកបដោយវិជ្ជាជីវៈ ព្រមទាំងទទួលខុសត្រូវខ្ពស់ ដើម្បីធានានូវយុត្តិធម៌ជូនប្រជាពលរដ្ឋ។
សូមជម្រាបថា ក្នុងពិធីសន្និបាតនោះ ឯកឧត្តម រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ថ្លែងថា កត្តា២ចំណុច ដែលជួយដល់កំណែទម្រង់នោះ ទី១ លើកកម្ពស់សេវាយុត្តិធម៌ និងលើកកម្ពស់គុណភាពឱ្យបានល្អទាក់ទងនឹងការសម្រេចសេចក្តីរបស់ចៅក្រម។
ជាមួយគ្នានេះ ឯកឧត្តម រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ប្រកាសថា ក្រសួងយុត្តិធម៌នឹងទទួលរាល់បញ្ហាអយុត្តិធម៌ទាំងឡាយ ដើម្បីដោះស្រាយឱ្យស្របតាមវិធានការគន្លឹះរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត គឺ វិស័យយុត្តិធម៌ត្រូវតែប្រឈមនឹងបញ្ហា ដើម្បីដោះស្រាយបញ្ហា៕






