ស្នូកឃ័រ៖ ម្ចាស់ជើងឯកនៃពានរង្វាន់ UK Championship កីឡាករអូស្ត្រាលី Neil Robertson បានធ្លាក់ពីការប្រកួតត្រឹមជុំទី១ ប៉ុណ្ណោះក្រោយចាញ់ក្រោមស្នាដៃកីឡាករ John Astley។ ក្រៅពីវាយមួយឈើបាន ១២៤ពិន្ទុនៅហ្វ្រេមទី១ នៃការប្រកួតនេះ Neil Robertson ធ្វើមិនបានល្អឡើយ មិនដូចកាលពេលឈ្នះជើងឯក English Open កាលពីដើមខែវិច្ឆិកានេះឡើយ។

កីឡាករវ័យ ៣២ឆ្នាំ John Astley មានទំរង់លេងដ៏អស្ចារ្យក្នុងអាជីពរបស់ខ្លួនតាមរយៈជ័យជំនះលទ្ធផល ៦-២ហ្វ្រេម។ ផ្ទុយពី Neil Robertson កីឡាករលំដាប់លេខ ២ ពិភពលោក Judd Trump គ្មានបញ្ហាឡើយក្នុងការឈានឡើងជុំទី២ ក្រោយយកឈ្នះកីឡាករជើងឯកពិភពលោកវ័យចាស់ David Lilley ៦-១ហ្វ្រេម។ ងាកមកជើងឯក Masters កាលពីដើមឆ្នាំកីឡាករចិន Yan Bingtao ក៏បន្តដំណើរឡើងជុំទី២ ដែរក្រោយយកឈ្នះកីឡាករហុងកុង Ng On-yee មិនលំបាក ៦-០ហ្វ្រេម៕
អត្ថបទ៖នាង សុភាវុធ