អ្នកនាំពាក្យយោធាប៉ាគីស្ថាន កាលពីថ្ងៃសុក្រ (ទី១៤ ខែមីនា) បានប្រាប់ឲ្យដឹងថា ចំនួនអ្នកស្លាប់ ក្នុងហេតុការណ៍ប្លន់រថភ្លើង នៅតំបន់ភ្នំភាគនិរតីរបស់ប្រទេស បានកើនឡើងដល់ ៣១នាក់ ហើយលោកបានចោទប្រកាន់ជាថ្មីម្តងទៀតថា ប្រទេសជិតខាងឥណ្ឌា និងអាហ្វហ្គានីស្ថាន បានគាំទ្រពួកសកម្មប្រយុទ្ធដែលបានធ្វើអំពើចាប់ជំរត់នេះ។
សូមបញ្ជាក់ថា កងទ័ពរំដោះ Baloch ដែលជាកក្រុមបំបែកខ្លួន បានប្រកាសទទួលខុសត្រូវ ចំពោះការចាប់គ្រប់គ្រងរថភ្លើង Jaffar Express កាលពីថ្ងៃទី១១ ខែមីនា ដោយក្នុងអំឡុងពេលនៃការវាយប្រហារនោះ ពួកគេបានបំផ្ទុះផ្លូវរថភ្លើង និងបានចាប់អ្នកដំណើរធ្វើជាចំណាប់ខ្មាំង នៅក្នុងការប្រឈមមុខគ្នាពេញមួយថ្ងៃ ជាមួយកងកម្លាំងសន្តិសុខ នៅច្រកឆ្លងកាត់តំបន់ភ្នំដាច់ស្រយាលមួយ ក្នុងខេត្ត Balochistan។
អ្នកនាំពាក្យកងទ័ព លោកឧត្តមសេនីយ៍ Ahmad Sharif Chaudhry បានប្រាប់សន្និសីទសារព័ត៌មានមួយក្នុងទីក្រុងអ៊ីស្លាម៉ាបាដថា៖ «យើងមានភស្តុតាង ដែលបង្ហាញថា ទំនាក់ទំនងទាំងអស់ពាក់ព័ន្ធនឹងអំពើភេរវកម្ម នៅក្នុងប្រទេសប៉ាគីស្ថាន ត្រូវបានគាំទ្រដោយអាហ្វហ្គានីស្ថាន»។ ហើយលោកបានបន្ថែមថា ឥណ្ឌាជាអ្នកឧបត្ថម្ភធំដល់ក្រុមបះបោរ។
ទីក្រុងអ៊ីស្លាម៉ាបាដបានចោទប្រកាន់ទីក្រុងញូវដេលី និងកាប៊ុលជាយូរមកហើយថា បានផ្តល់ប្រាក់ ធនធាន អាវុធ និងកន្លែងហ្វឹកហាត់ដល់ក្រុមបះបោរ នៅក្នុងខេត្ត Balochistan ដែលមានព្រំប្រទល់ជាប់អាហ្វហ្គានីស្ថាន និងអ៊ីរ៉ង់។ ប្រទេសទាំង២ បានបដិសេធការចោទប្រកាន់នេះរួចហើយ ដោយនិយាយថា ការបះបោរ គឺជាបញ្ហាផ្ទៃក្នុងរបស់ទីក្រុងអ៊ីស្លាម៉ាបាដ។
លោកឧត្តមសេនីយ៍ Chaudhry បាននិយាយថា ការរាប់ចំនួនអ្នកស្លាប់ចុងក្រោយ រួមមានទាហាន ១៨នាក់ បុគ្គលិកផ្លូវដែក ៣នាក់ និងជនស៊ីវិល ៥នាក់។ លោកបានបន្ថែមថា ទាហាន ៥នាក់ផ្សេងទៀត បានបាត់បង់ជីវិតក្នុងអំឡុងពេលប្រតិបត្តិការជួយសង្គ្រោះដែលបានសម្លាប់ពួកបះបោរចំនួន ៣៣នាក់។ លោកឧត្តមសេនីយ៍រូបនេះបានបញ្ជាក់ថា ចំណាប់ខ្មាំងសរុបចំនួន ៣៥៤នាក់ ត្រូវបានជួយសង្គ្រោះ៕



