អាហ្វ្រិកខាងត្បូង៖ រដ្ឋមន្ត្រីក្រសួងសុខាភិបាលលោក Joe Phaahla បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា វីរុសបម្លែងខ្លួនថ្មី COVID-19 ត្រូវបានរកឃើញនៅក្នុងប្រទេសអាហ្វ្រិកខាងត្បូង ដែលអ្នកវិទ្យាសាស្ត្រនិយាយថា ជាការព្រួយបារម្ភដោយសារតែចំនួននៃការប្រែប្រួលខ្ពស់របស់វា និងការរាលដាលឆាប់រហ័សក្នុងចំណោមមនុស្សវ័យក្មេងនៅក្នុងខេត្ត Gauteng ជាខេត្តដែលមានប្រជាជនច្រើនបំផុតរបស់ប្រទេស។

លោក Phaahla បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានតាមអ៊ិនធឺណិតថា ប្រទេសអាហ្វ្រិកខាងត្បូងបានឃើញការកើនឡើងយ៉ាងខ្លាំងនៃករណីឆ្លងថ្មីៗ។ រដ្ឋមន្ត្រីសុខាភិបាលបានពន្យល់ថា ខណៈដែលដំបូងពួកគេជឿថា ចំនួនករណីឆ្លងកើនឡើងអាចបណ្ដាលមកពីការប្រមូលផ្តុំគ្នានៅសាកលវិទ្យាល័យ ក្រោយមកអ្នកវិទ្យាសាស្ត្របានជូនដំណឹងទៅអាជ្ញាធរថា ពួកគេកំពុងសង្កេតមើលអ្វីដែលមើលទៅដូចជាវីរុសបម្លែងខ្លួនថ្មី។ លោកបាននិយាយថា វីរុសបម្លែងខ្លួនថ្មីដែលបច្ចុប្បន្នត្រូវបានកំណត់ថាជាវីរុស B.1.1.529 ក៏ត្រូវបានរកឃើញផងដែរនៅក្នុងប្រទេស Botswana, ប្រទេសអាហ្វ្រិកភាគខាងត្បូង និងទីក្រុងហុងកុង នៅលើអ្នកធ្វើដំណើរមកពីប្រទេសអាហ្វ្រិកខាងត្បូង។ ការិយាល័យប្រចាំតំបន់របស់អង្គការសុខភាពពិភពលោក បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសអាហ្វ្រិកកំពុងមើលឃើញការកើនឡើងនៃការដឹកជញ្ជូនវ៉ាក់សាំងទៅកាន់ទ្វីបនេះ ប៉ុន្តែមានតែបុគ្គលិកសុខាភិបាលម្នាក់ក្នុងចំណោមបួននាក់ប៉ុណ្ណោះ ដែលបានចាក់វ៉ាក់សាំងពេញលេញបង្ការវីរុស COVID-19។
ហេតុផលសាមញ្ញបំផុតសម្រាប់អត្រាការចាក់វ៉ាក់សាំងទាប ក្នុងចំណោមបុគ្គលិកសុខាភិបាលនៅលើទ្វីបដែលមានប្រជាជនប្រមាណ ១.២ពាន់លាននាក់ មានការស្ទាក់ស្ទើរក្នុងការចាក់វ៉ាក់សាំងបង្ការ និងការមិនអាចរកបានសេវាផ្តល់វ៉ាក់សាំង ជាពិសេសនៅតំបន់ជនបទ។ វាជាភាពផ្ទុយគ្នាផ្ទាល់ជាមួយនឹងស្ថានភាពក្នុងប្រទេសអភិវឌ្ឍន៍។ ការសិក្សាថ្មីរបស់អង្គការសុខភាពពិភពលោកបានរកឃើញថា ជាង ៨០% នៃបុគ្គលិកសុខាភិបាល និងក្រុមថែទាំនៅក្នុងប្រទេសរកប្រាក់ចំណូលបានខ្ពស់បំផុតចំនួន ២២ប្រទេសភាគច្រើនបានចាក់វ៉ាក់សាំងពេញលេញ៕
អត្ថបទ៖ ប៊ុនថន