រដ្ឋបាលរបស់លោក Donald Trump កំពុងពិចារណាចេញការរឹតបន្តឹងការធ្វើដំណើរ ចំពោះពលរដ្ឋនៃប្រទេសជាច្រើនដែលជាផ្នែកនៃបម្រាមថ្មី។ នេះបើយោងតាមប្រភពដែលដឹងពីបញ្ហា និងអនុស្សរណៈផ្ទៃក្នុងដែលទីភ្នាក់សារព័ត៌មាន Reuters បានឃើញ។
អនុស្សរណៈនេះបានរាយបញ្ជីប្រទេសសរុបចំនួន ៤១ ដែលបែងចែកចេញជាបីក្រុមដាច់ដោយឡែកពីគ្នា។ ក្រុមដំបូងនៃប្រទេសចំនួន ១០ រួមមានអាហ្វហ្គានីស្ថាន អ៊ីរ៉ង់ ស៊ីរី គុយបា និងកូរ៉េខាងជើង ក្នុងចំណោមប្រទេសដទៃទៀត នឹងត្រូវបានកំណត់សម្រាប់ការព្យួរទិដ្ឋាការទាំងស្រុង។ ក្នុងក្រុមទី២ ប្រទេសចំនួន ៥ ដូចជាអេរីទ្រា ហៃទី ឡាវ មីយ៉ាន់ម៉ា និងស៊ូដង់ខាងត្បូង នឹងត្រូវប្រឈមនឹងការព្យួរផ្នែកខ្លះ ដែលនឹងប៉ះពាល់ដល់ទិដ្ឋាការទេសចរណ៍ និងនិស្សិត ក៏ដូចជាទិដ្ឋាការអន្តោប្រវេសន៍ផ្សេងទៀត ដោយមានករណីលើកលែងមួយចំនួន។
អនុស្សរណៈនោះ បានបង្ហាញទៀតថា ក្នុងក្រុមទី៣ ប្រទេសសរុប ២៦ ដែលរួមមានទាំងបេឡារុស ប៉ាគីស្ថាន និងតួកម៉េនីស្ថាន ស្ថិតក្នុងចំណោមប្រទេសផ្សេងទៀត នឹងត្រូវបានពិចារណា សម្រាប់ការផ្អាកមួយផ្នែកនៃការចេញទិដ្ឋាការរបស់សហរដ្ឋអាមេរិក ប្រសិនបើរដ្ឋាភិបាលរបស់ពួកគេ «មិនខិតខំប្រឹងប្រែងដោះស្រាយកង្វះខាតនានា ក្នុងរយៈពេល ៦០ថ្ងៃទេនោះ»។
មន្ត្រីអាមេរិកម្នាក់ដែលនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានព្រមានថា អាចមានការផ្លាស់ប្តូរនៅក្នុងបញ្ជី ហើយថា វាមិនទាន់ត្រូវបានអនុម័តដោយរដ្ឋបាល ក្នុងនោះរួមទាំងរដ្ឋមន្ត្រីការបរទេសអាមេរិក Marco Rubio ផងដែរ។ សារព័ត៌មាន New York Times បានរាយការណ៍ដំបូងគេពីបញ្ជីឈ្មោះប្រទេស។
ចំណាត់ការនេះបានរំលឹកឡើងវិញនូវការហាមប្រាមអាណត្តិទី១ របស់លោកប្រធានាធិបតី Trump លើអ្នកដំណើរមកពីប្រទេសមូស្លីមភាគច្រើនចំនួន ៧ ជាគោលនយោបាយដែលបានឆ្លងកាត់ដំណាក់កែសម្រួលជាច្រើនដង មុននឹងត្រូវបានតម្កល់ដោយតុលាការកំពូលក្នុងឆ្នាំ២០១៨។
ពាក់ព័ន្ធនឹងករណីដាក់បម្រាមនេះ ក្រសួងការបរទេសមិនបានឆ្លើយតបភ្លាមៗនោះឡើយ ចំពោះសំណើសុំការអត្ថាធិប្បាយពីសារព័ត៌មាន Reuters៕

