មន្ត្រីរដ្ឋបាលរបស់លោក Donald Trump ដែលត្រួតពិនិត្យខុសត្រូវលើការរុះរើទីភ្នាក់ងារជំនួយបរទេសសំខាន់ៗរបស់សហរដ្ឋអាមេរិក បានស្នើផ្អាកជំនួយ សម្រាប់ប្រទេសលីបង់ដែលហែកហួរដោយវិបត្តិ និងជនជាតិរ៉ូហ៊ីងយ៉ា ដែលជាប្រជាជនគ្មានរដ្ឋច្រើនជាងគេបំផុតរបស់ពិភពលោក។ នេះបើយោងតាមអ៊ីម៉ែលដែលត្រូវបានពិនិត្យដោយសារព័ត៌មាន Reuters។
ដោយត្រូវបានសរសេរ កាលពីថ្ងៃទី១៦ ខែកុម្ភៈ ដោយលោក Peter Marocco នាយករងស្តីទីរបស់ USAID (ទីភ្នាក់ងារសហរដ្ឋអាមេរិក សម្រាប់ការអភិវឌ្ឍអន្តរជាតិ) អ៊ីម៉ែលនេះផ្ដល់នូវសារនៃការពិចារណាមួយចំនួន នៅពីក្រោយការជំរុញរបស់រដ្ឋបាល ក្នុងការបញ្ចប់កម្មវិធីជំនួយ ដែលខ្លួនជឿថា មិនផ្តល់ផលប្រយោជន៍ដល់សហរដ្ឋអាមេរិក។
នៅក្នុងអ៊ីម៉ែលនោះ លោក Marocco ហាក់ដូចជាចង់ឲ្យជនជាតិរ៉ូហ៊ីងយ៉ា និងលីបង់ បង្ហាញពីការដឹងគុណរបស់ពួកគេ ចំពោះការគាំទ្ររបស់សហរដ្ឋអាមេរិក ដោយនិយាយថា សហរដ្ឋអាមេរិក «គួរតែទទួលបានប្រភេទនៃតម្លៃតបស្នង ឬសេចក្តីស្មោះត្រង់មួយចំនួនពីប្រជាជនទទួលជំនួយ ចំពោះប្រជាជនអាមេរិក»។
អ៊ីម៉ែលនោះបានណែនាំលោក Tim Meisburger ប្រធានការិយាល័យកិច្ចការមនុស្សធម៌របស់ USAID ឲ្យព្រាងនូវ «អនុស្សរណៈសកម្មភាព» ដែលទាញការយកចិត្តទុកដាក់ពីរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio ចំពោះ «ភាពអាស្រ័យដ៏ចម្លែក» របស់ប្រទេសលីបង់ និងជនភៀសខ្លួនរ៉ូហ៊ីងយ៉ាពីសហភាពមីយ៉ាន់ម៉ា លើជំនួយរបស់សហរដ្ឋអាមេរិក។
ប្រភពដែលបានដឹងអំពីបញ្ហានេះ បានបញ្ជាក់ពីភាពត្រឹមត្រូវនៃអ៊ីម៉ែលនោះ ហើយថា លោក Marocco បានព្យាយាមបញ្ឈប់ការផ្ដល់ជំនួយដល់ជនជាតិរ៉ូហ៊ីងយ៉ា និងលីបង់។ ប្រភពដដែលនោះ បានន្ថែមថា លោក Marocco «មិនជឿថា មនុស្សទាំងនេះត្រូវការជំនួយបន្ថែមទៀតនោះទេ»។
ក្រសួងការបរទេស បានបដិសេធមិនធ្វើអត្ថាធិប្បាយអ្វីឡើយ ហើយលោក Maroc និងលោក Meisburger ក៏មិនបានឆ្លើយតបភ្លាមៗនោះដែរ ចំពោះសំណើសុំការអត្ថាធិប្បាយ៕

