បាល់បោះ៖ កីឡាករបាល់បោះអាមេរិក LeBron James បានវិលចូលលេងវិញក្រោយអវត្តមាន ១ប្រកួតដោយសារជាប់ពិន័យជួយឱ្យ LA Lakers យកឈ្នះ Indiana Pacers ១២៤-១១៦ ក្របខណ្ឌបាល់បោះអាមេរិក NBA។ កីឡាករវ័យ ៣៦ឆ្នាំរូបនេះត្រូវបានពិន័យ ១ប្រកួតក្រោយវាយគ្នាជាមួយកីឡាកររបស់ Detroit Pistons កាលពីថ្ងៃចន្ទ។

ការប្រកួតនេះ LA Lakers ត្រូវដេញពិន្ទុពីក្រោយ Indiana Pacers ស្ទើរពេញមួយប្រកួតបើទោះបី LeBron James រកបានម្នាក់ឯងដល់ទៅ ៣៩ពិន្ទុក៏ដោយ។ កីឡាករ Russell Westbrook រកបាន ២០ពិន្ទុផងដែរឱ្យ LA Lakers ខណៈក្រុមដែលមានមូលដ្ឋាននៅទីក្រុង Los Angeles មួយនេះក៏បន្តអវត្តមានកីឡាករសំខាន់ Anthony Davis។ ចំណែក Indiana Pacers កីឡាករ Malcolm Brogdon ក៏រកបាន ២៨ពិន្ទុផងដែរតែនៅតែមិនអាចជួយ Indiana Pacers យកឈ្នះការប្រកួតនេះបាន។ លទ្ធផលផ្សេងទៀត Phoenix Suns យកឈ្នះ Cleveland Cavaliers ១២០-១១៥ ដើម្បីពន្លាតស្ថិតិឈ្នះ ១៤ប្រកួតផ្ទួនៗ។

កីឡាករ Devin Booker រកបាន ៣៥ពិន្ទុម្នាក់ឯងខណៈ Chris Paul រកបាន ១៧ពិន្ទុបូកនឹងបាល់បញ្ជូន ១២លើកសំរាប់ Phoenix Suns។ រីឯ Golden State Warriors បានវាយបកពីក្រោយយកឈ្នះ Philadelphia ១១៦-៩៦ ដែលក្នុងនោះ Stephen Curry រកបាន ២៥ពិន្ទុ ហើយប្អូនប្រុសរបស់គេ Seth Curry នៅ Philadelphia រកបាន ២៤ពិន្ទុ។ ដោយឡែក Brooklyn Nets យកឈ្នះ Boston Celtics ១២៣-១០៤ ខណៈក្រុមការពារជើងឯក Milwaukee Bucks យកឈ្នះ Detroit Pistons ១១៤-៩៣ និង Houston Rockets យកឈ្នះ Chicago Bulls ១១៨-១១៣៕
អត្ថបទ៖នាង សុភាវុធ