ស្ពានដែលកំពុងសាងសង់ ក្នុងទីក្រុងបាងកក បានបាក់រលំនៅព្រឹកព្រលឹមថ្ងៃសៅរ៍ (ទី១៥ ខែមីនា) នេះ ដោយរបាយការណ៍បឋម បានបញ្ជាក់ពីចំនួនអ្នកស្លាប់យ៉ាងហោចណាស់ ៧នាក់ ខណៈជាច្រើននាក់ផ្សេងទៀត បានរងរបួស។
អាជ្ញាធរកំពុងស្វែងរកមនុស្សប្រហែល ៣០នាក់ដែលត្រូវបានគេជឿថា ជាប់នៅក្រោមគំនរបាក់បែករបស់ស្ពាន Dao Khanong Expressway ដែលបានបាក់រលំនៅលើផ្លូវ Rama II ក្នុងស្រុក Chom Thong នៃទីក្រុង នៅវេលាម៉ោង ១ និង ៤៨នាទីព្រឹក (ម៉ោងក្នុងស្រុក)។
មន្រ្តីនគរបាល នៅស្ថានីយ៍ Bang Mod ត្រូវបានគេជូនដំណឹង អំពីឧទ្ទវហេតុនេះដែលបានកើតឡើងនៅជិតផ្លូវ ២៥ និងផ្លូវចូល Dao Khanong Expressway នៅលើផ្លូវ Rama II ក្នុងសង្កាត់ Bang Mod នៃស្រុក Chom Thong។
មន្ត្រីមកពីនាយកដ្ឋានទប់ស្កាត់ និងកាត់បន្ថយគ្រោះមហន្តរាយរបស់រដ្ឋបាលក្រុងបាងកក និងមូលនិធិ Poh Teck Tung បានទៅដល់កន្លែងកើតហេតុរួចហើយ នៅពេលនគរបាលទៅដល់។ មន្ត្រីបាននិយាយថា សំណង់ធ្នឹមបេតុងរបស់ស្ពានថ្មីដែលកំពុងសាងសង់នេះ បានបាក់ធ្លាក់ទៅលើស្ពានផ្លូវល្បឿនលឿនដែលមានស្រាប់ចម្ងាយប្រហែល ២០០ម៉ែត្រពីកន្លែងគិតថ្លៃសេវាធ្វើដំណើរ។
អាជ្ញាធរកំពុងស្វែងរកអ្នកបាត់ខ្លួន និងអ្នកស្លាប់ដែលជាប់នៅក្រោមសំណង់បាក់រលំ។ ប្រតិបត្តិការនេះកំពុងត្រូវបានអនុវត្តតាមវិធីសាស្ត្រ និងដោយប្រុងប្រយ័ត្ន ព្រោះមានហានិភ័យពីការបាក់រលំបន្ថែមទៀត ដោយសាររចនាសម្ព័ន្ធមិនមានស្ថិរភាព។ ការស៊ើបអង្កេតលើមូលហេតុនៃការបាក់រលំនេះ នៅតែកំពុងដំណើរការទៅ៕



