ភ្នំពេញ៖ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ សហការជាមួយកម្លាំងនគរបាល ព្រហ្មទណ្ឌនៃស្នងការនគរបាលរាជធានីភ្នំពេញ និងកម្លាំងជំនាញមូលដ្ឋានខណ្ឌដូនពេញ ឃាត់ខ្លួនជនសង្ស័យម្នាក់ក្រោយ ធ្វើសកម្មភាឆក់កាបូបជនបរទេស នៅមូលដ្ឋានសង្កាត់វត្តភ្នំ។
ប្រតិបត្តិការឃាត់ខ្លួននេះបានធ្វើឡើង នៅវេលាម៉ោង១៦៖៥៥នាទីល្ងាចថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥ ក្រោយទទួលបានបទបញ្ជា លោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌនៃស្នងការនគរបាលរាជធានីភ្នំពេញ និងកម្លាំងជំនាញមូលដ្ឋានខណ្ឌដូនពេញ ស្រាវជ្រាវរហូតឈាន់ដល់ការឃាត់ខ្លួនជាក់ស្ដែងតែម្ដង នៅចំណុចបន្ទប់ជួល ផ្លូវ៩៣ ក្នុងសង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ និងដកហូតវត្ថុតាងសម្ភាៈវិញផងដែរ។
តាមប្រភពព័ត៌មានពីមន្រ្តីនគរបាល បានបញ្ចាក់ផងដែរថាជនសង្ស័យនេះ មានឈ្មោះ កែវ ខួចចិន្តា ដែលជាមុខសញ្ញាចាស់ ឆក់យ៉ាងសកម្ម។
គួរបញ្ជាក់ផងដែរ នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥នេះ ជនដៃដល់ជិះម៉ូតូបានធ្វើសកម្មភាពឆក់កាបូបស្ពាយពីស្រ្តីជនបរទេសកំពុងដេីរបានសម្រេច នៅត្រង់ចំណុច ផ្លូវលេខ១០៦ កែងផ្លូវលេខ១៣ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ។ក្រោយកើតហេតុភ្លាមៗ កម្លាំងនគរបាលជំនាញនៃអធិការនគរបាលខណ្ឌដូនពេញបានចុះដល់ទីតាំងកើតហេតុ រួចបាននាំជនរងគ្រោះ មកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលវត្តភ្នំភ្លាមៗផងដែរ រួចក៏ធ្វើការស្រាវជ្រាវដើម្បីកំណាត់មុខសញ្ញា។
បច្ចុប្បន្នកម្លាំងជំនាញនាំជនសង្ស័យទៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដើម្បីធ្វើការសាកសួរបន្តតាមនីតិវិធី៕ អត្ថបទ៖ កុម្ភៈ





