ផ្ទះសម្បែងជាច្រើនខ្នង នៅក្នុងទីក្រុង Stillwater ត្រូវបានឆេះបំផ្លាញ ខណៈដែលចំហេះព្រៃ បានរាលដាលពាសពេញរដ្ឋ Oklahoma កាលពីថ្ងៃសុក្រ (ទី១៤ ខែមីនា) ដែលជំរុញឲ្យអាជ្ញាធរចេញបញ្ជាជម្លៀសជាបន្ទាន់ដល់ប្រជាជន។
ក្នុងការធ្វើបច្ចុប្បន្នភាពព័ត៌មានប្រចាំថ្ងៃនៅលើបណ្ដាញសង្គមរបស់ខ្លួន ទីភ្នាក់ងារគ្រប់គ្រងគ្រោះអាសន្នរបស់ទីក្រុង Stillwater បានព្រមានប្រជាជនកុំឲ្យត្រលប់ទៅតំបន់ដែលត្រូវបានជម្លៀសវិញ ដោយសារចំហេះព្រៃនៅតែកំពុងឆាបឆេះយ៉ាងសកម្ម នៅក្នុងតំបន់ជាច្រើនរបស់ទីក្រុងនេះ។
ជាមួយគ្នានេះ បទបញ្ជាជម្លៀស ក៏ត្រូវបានចេញផងដែរ សម្រាប់ផ្នែកផ្សេងទៀតនៃរដ្ឋ Oklahoma ខណៈដែលអណ្ដាតភ្លើងដ៏សន្ធោសន្ធៅ បន្តឆាបឆេះឥតថមថយ ដោយធ្វើឲ្យអ្នកស្រុករាប់ពាន់នាក់គ្មានអគ្គិសនីប្រើប្រាស់ និងបង្កគ្រោះថ្នាក់ដល់ការធ្វើដំណើរ។
បើយោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានឲ្យដឹងថា ទីភ្នាក់ងារដឹកជញ្ជូនរដ្ឋ Oklahoma និងអាជ្ញាធរទទួលបន្ទុកការសាងសង់ ការថែទាំ និងប្រតិបត្តិការបង់ថ្លៃផ្លូវរបស់រដ្ឋ Oklahoma ក៏បានបិទផ្លូវហាយវេមួយចំនួនផងដែរ៕

