ការិយាល័យប្រធានាធិបតីអាហ្រ្វិកខាងត្បូង នៅថ្ងៃសៅរ៍ (ទី១៥ ខែមីនា) បានប្រាប់ឲ្យដឹងថា ការសម្រេចរបស់សហរដ្ឋអាមេរិក ក្នុងការបណ្តេញឯកអគ្គរដ្ឋទូតអាហ្រ្វិកខាងត្បូង គឺជារឿង «គួរឲ្យសោកស្តាយ» បន្ទាប់ពីអ្នកការទូតជាន់ខ្ពស់របស់ទីក្រុងវ៉ាស៊ីនតោន បានចោទប្រកាន់បេសកជនរូបនោះថា ស្អប់អាមេរិក និងប្រធានាធិបតីលោក Donald Trump។
រដ្ឋមន្ត្រីការបរទេស លោក Marco Rubio កាលពីថ្ងៃសុក្រ (ទី១៤ ខែមីនា) បាននិយាយថា ឯកអគ្គរដ្ឋទូតអាហ្រ្វិកខាងត្បូង លោក Ebrahim Rasool «លែងទទួលបានការស្វាគមន៍ទៀតហើយ» នៅសហរដ្ឋអាមេរិក។
អំឡុងការបង្ហោះ នៅលើបណ្ដាញសង្គម X ដោយសំដៅទៅលើលោក Trump តាមរយៈគណនីពិសេសរបស់សេតវិមាន (@POTUS) លោក Rubio បានលើកឡើងថា៖ «លោក Rasool គឺជាអ្នកនយោបាយដែលរើសអើងពូជសាសន៍ ស្អប់អាមេរិក និងស្អប់ @POTUS។ យើងគ្មានអ្វីត្រូវពិភាក្សាជាមួយគាត់ទៀតទេ ដូច្នេះរូបគាត់ត្រូវបានចាត់ទុកថា ជាមនុស្សមិនត្រូវបានស្វាគមន៍»។
ការិយាល័យប្រធានាធិបតីអាហ្រ្វិកខាងត្បូង បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ថា ខ្លួនបាន «កត់សម្គាល់ឃើញការបណ្តេញដ៏គួរឲ្យសោកស្ដាយ» ហើយបានជំរុញឲ្យ «ភាគីពាក់ព័ន្ធ និងរងប៉ះពាល់ទាំងអស់ឲ្យបន្តរក្សាសុភាវធម៌ការទូត សម្រាប់ការចូលរួមពាក់ព័ន្ធជាមួយនឹងបញ្ហានេះ»។
ការិយាល័យប្រធានាធិបតីបានបន្ថែមថា៖ «អាហ្វ្រិកខាងត្បូងនៅតែប្តេជ្ញាចិត្ត ក្នុងការកសាងទំនាក់ទំនងដែលផ្ដល់ផលប្រយោជន៍ឲ្យគ្នាទៅវិញទៅមកជាមួយសហរដ្ឋអាមេរិក»។
ការបណ្តេញឯកអគ្គរដ្ឋទូត ដែលជាចំណាត់ការដ៏កម្រមានរបស់សហរដ្ឋអាមេរិក គឺជាការវិវត្តចុងក្រោយបង្អស់ នៅក្នុងភាពតានតឹងដែលកំពុងកើនឡើង រវាងទីក្រុងវ៉ាស៊ីនតោន និងព្រីតូរីយ៉ា។ លោក Trump កាលពីខែកុម្ភៈបានបង្កកជំនួយរបស់សហរដ្ឋអាមេរិក សម្រាប់អាហ្វ្រិកខាងត្បូង ដោយលើកឡើងពីច្បាប់នៅក្នុងប្រទេសនេះ ដែលលោកថា បានចោទប្រកាន់ថា អនុញ្ញាតឲ្យមានការរឹបអូសយកដីពីកសិករស្បែកស៕

