មន្ត្រីជាន់ខ្ពស់ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានជំរុញលើកទឹកឱ្យសហព័ន្ធសហជីព ត្រូវបន្តពង្រឹងសមត្ថភាពអនុវត្តការងារប្រកបដោយវិជ្ជាជីវៈស្របតាមច្បាប់លិខិតបទដ្ឋានគតិយុត្តនានា សំដៅបន្តលើកកម្ពស់លក្ខខណ្ឌការងារ និងកិច្ចគាំពារសង្គម សុខដុមនីកម្មទំនាក់ទំនងវិជ្ជាជីវ:។
ឯកឧត្តម ងុយ រិទ្ធ រដ្ឋលេខាធិការ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងជំនួបសំណេះសំណាលប្រចាំខែជាមួយថ្នាក់ដឹកនាំសហព័ន្ធសហជីពចំនួន១៥០សហព័ន្ធ ដើម្បីបង្កើនភាពជាដៃគូរវាងក្រសួង និងថ្នាក់ដឹកនាំសហព័ន្ធសហជីព ក្នុងការពិនិត្យដោះស្រាយរាល់បញ្ហារបស់បងប្អូនកម្មករនិយោជិត ក្ដាប់នូវបញ្ហាប្រឈមនានា ព្រមទាំងជាដៃគូក្នុងការផ្ដល់ព័ត៌មានផ្សេងៗដែលអាចអន្តរាគមន៍ និងដោះស្រាយរាល់បញ្ហាវិវាទការងារ បាតុភាពផ្សេងៗ ដែលអាចនឹងកើតមានឡើងជាយថាហេតុនៅកន្លែងធ្វើការងារ កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥កន្លងទៅ បានស្តាប់នូវសំណូមពរសហជីព និងបានជំរុញលើកទឹកឱ្យសហព័ន្ធសហជីពត្រូវបន្តអនុវត្តការងារប្រកបដោយវិជ្ជាជីវៈ ឱ្យមានតម្លាភាព ជាមួយកម្មករនិយោជិតដែលជាសមាជិក ជួយការពារសិទ្ធិនិងអត្ថប្រយោជន៍ស្របច្បាប់ និងជួយដោះស្រាយការលំបាករបស់សមាជិក។
ទន្ទឹមនឹងនេះ ត្រូវបន្តចលនានៅតាមរោងចក្រ សហគ្រាស ដើម្បីប្រែក្លាយសហគ្រាសមួយ ជាសហគមន៍សុខសាន្តមួយ ដែលនៅក្នុងឱកាសទិវាពលកម្មអន្តរជាតិ លើកទី១៣៩ ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥ ខាងមុខនេះ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត នឹងប្រគល់ពានជូនដល់ម្ចាស់រោងចក្រ សហគ្រាសណាដែលអនុលោមតាមលក្ខណ:វិនិច្ឆ័យទាំង៨។
បន្ថែមពីនេះ ឯកឧត្តមរដ្ឋលេខាធិការ បានផ្តាំផ្ញើថា ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់នៅពេលឆាប់ៗខាងមុខនេះ បងប្អូនថ្នាក់ដឹកនាំសហព័ន្ធសហជីពទាំងអស់ត្រូវរៀបចំឱ្យមានកម្មវិធីសប្បាយៗដល់កម្មករនិយោជិត ជាពិសេសត្រូវធ្វើការសម្របសម្រួលធ្វើយ៉ាងណាដើម្បីឱ្យបងប្អូនកម្មករធ្វើដំណើរទៅលេងស្រុកកំណើតប្រកបដោយសុវត្ថិភាព និងមានភាពសប្បាយរីករាយ រហូតដល់ពេលធ្វើដំណើរត្រលប់មកធ្វើការវិញ។
ឯកឧត្តមរដ្ឋលេខាធិការ ក៏បានស្នើដល់ប្រធានសហព័ន្ធសហជីព បន្តជំរុញសហជីពមូលដ្ឋានរបស់ខ្លួនឱ្យរាយការណ៍អំពីភាពមិនប្រក្រតីណាមួយ ក្នុងការប្រើប្រាស់បណ្ណ ប.ស.ស., លក្ខខណ្ឌការងារ, សុវត្ថិភាពការងារ, បញ្ហាវិវាទ និងបញ្ហាប្រឈមនានា នៅតាមបណ្ដារោងចក្រ សហគ្រាស ដោយត្រូវរាយការណ៍ភ្លាមៗមកក្រសួង ដើម្បីអាចអន្តរាគមន៍ដោះស្រាយបានទាន់ពេលវេលាជូនបងប្អូនកម្មករនិយោជិត ក្នុងករណីកើតមានបាតុភាពផ្សេងៗ ឬបញ្ហាសុវត្ថិភាពការងារ ឬមានការសង្ស័យថាមានភាពមិនប្រក្រតីណាមួយ៕






