ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្មកម្ពុជា នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥នេះ បានសសេរឲ្យដឹងថា ដំឡូងមីស្ងួតពីកម្ពុជាលើកទី១ ចំនួន ៥,០០០តោន ត្រូវបាននាំចេញ និងទៅដល់ប្រទេសចិន និងបានរៀបចំពិធីចុះអនុស្សារណៈនៃការយោគយល់គ្នាចំនួន ២០០,០០០តោនបន្ថែមទៀត សម្រាប់ឆ្នាំ២០២៥-២០២៦ និងកិច្ចព្រមព្រៀងទិញ-លក់ដំឡូងមីស្ងួត រវាងក្រុមហ៊ុន HANG HARVEST AGRICULTURE CO., LTD និងក្រុមហ៊ុន COFCO BIO-ENERGY CO., LTD ជំហានទី២ នៅកំពង់ផែក្នុងទីក្រុងប៉ីហៃ នៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី។
ក្រសួងពាណិជ្ជកម្ម បានឲ្យដឹងទៀតថា ពិធីខាងលើនេះ មានការអញ្ជើញចូលរួមពីមន្ទីរពាណិជ្ជកម្មនៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី, ការិយាល័យទំនាក់ទំនងពាណិជ្ជកម្មកម្ពុជាប្រចំាទីក្រុងណាននីង, រដ្ឋាភិបាលប្រជាជនទីក្រុងប៉ីហៃ, អាជ្ញាធរពាក់ព័ន្ធទីក្រុងប៉ីហៃ, តំណាងធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្មនៃកម្ពុជា, ព្រមទាំងពាណិជ្ជករទិញ-លក់ដំឡូងមីចិននិងកម្ពុជា ជាច្រើនរូប។
គួរគត់សម្គាល់ផងដែរថា ការចុះកិច្ចព្រមព្រៀងនេះ នឹងជួយពង្រឹង និងពង្រីកកិច្ចសហប្រតិបត្ដិការពាណិជ្ជកម្មរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណៈរដ្ឋប្រជាមានិតចិន ក៏ដូចជាជួយជំរុញការនាំចេញវិស័យដំឡូងមីរបស់កម្ពុជាទៅកាន់ទីផ្សារប្រទេសចិន ផងដែរ៕








