កំពង់ធំ៖ ឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម លើកឡើងថា សម្ព័ន្ធមេត្រីភាពសមាគមអតីតយុទ្ធជន មានការចូលរួមពីគ្រប់ស្ថាប័ន មន្ទីរអង្គភាព កងម្លាំងទាំងបីប្រភេទ រួមជាមួយសប្បុរសជនផង បាននឹងកំពុងដើរលើផ្លូវរួមតែមួយ ក្នុងសកម្មភាពជួយទ្រទ្រង់ជីវភាព សុខមាលភាព សកម្មភាពភាពរស់នៅរបស់អតីតយុទ្ធគ្រប់រូប។
ថ្លែងក្នុងពិធីប្រកាស ឯកឧត្តម ងួន រតនៈ ជាប្រធានកិត្តិយស សមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ, នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បន្តថា សមាគន៍អតីតយុទ្ធជនកម្ពុជាគ្រប់រាជធានីខេត្ត គឺជាស្ពានប្រកបដោយចិត្តសប្បុរសរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា។ កន្លងមកសមាគមអតីតយុទ្ធជនកម្ពុជា បាននិងកំពុងអនុវត្តន៍បេសកម្មពិសេសធ្វើផ្ទះជូនអតីតយុទ្ធដែលមានជីវភាពខ្វះខាត មានដីតែគ្មានលទ្ធភាពធ្វើផ្ទះ និងផ្តល់ដីសិប្បទានសង្គមកិច្ច ទាំងដីលំនៅដ្ឋាន និងដីកសិកម្ម។
ទន្ទឹមនេះ សកម្មភាពចុះសួរសុខទុក្ខ គ្រប់អ្នកពាក់ព័ន្ធទាំងអស់តែងតែចុះសួរសុខទុក្ខផ្តល់ជាសម្ភារៈ ស្បៀងអាហារផ្សេងៗ។
ឯកឧត្តមបន្តថា កិច្ចការងារចំបងដែលត្រូវអនុវត្តន៍បន្ទាន់ លើដីសិប្បទានសង្គមកិច្ចរបស់អតីតយុទ្ធ គឺការផ្តល់បណ្តាញភ្លើងប្រើប្រាស់ ប្រព័ន្ធទឹកប្រើប្រាស់ ផ្លូវធ្វើដំណើរផងដែរ។
ឯកឧត្តម អំពាវនាវអ្នកពាក់ព័ន្ធទាំងអស់ ត្រូវដឹងគ្រប់គ្នាថា សន្តិភាពនាពេលបច្ចុប្បន្ននេះ គឺបានផ្សារភ្ជាប់ជាមួយអតីតយុទ្ធជនគ្រប់រូប ដូច្នេះចាំបាច់ត្រូវដឹង និងជួយគាំទ្រតបស្នងពួកគាត់វិញ៕




