ប្រធានាធិបតីអាមេរិកលោក Donald Trump បានចាប់ផ្តើមការវាយប្រហារយោធាទ្រង់ទ្រាយធំលើក្រុមឧទ្ទាមហ៊ួទី(Houthis) ដែលមានសម្ព័ន្ធមិត្តជាមួយប្រទេសអ៊ីរ៉ង់ក្នុងប្រទេសយេម៉ែនកាលពីថ្ងៃសៅរ៍ ១៥ មីនា ជុំវិញការវាយប្រហាររបស់ក្រុមនេះប្រឆាំងការដឹកជញ្ជូនតាមសមុទ្រក្រហមដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ២៤នាក់នៅពេលចាប់ផ្តើមយុទ្ធនាការដែលរំពឹងថានឹងមានរយៈពេលជាច្រើនថ្ងៃ។

លោក Trump ក៏បានព្រមានអ៊ីរ៉ង់ដែលជាអ្នកគាំទ្រសំខាន់របស់ក្រុម ហ៊ួទី ផងដែរ ថាខ្លួនត្រូវបញ្ឈប់ការគាំទ្រក្រុមនេះជាបន្ទាន់។ លោកបាននិយាយថា ប្រសិនបើអ៊ីរ៉ង់គំរាមអាមេរិក អាមេរិកនឹងទទួលខុសត្រូវទាំងស្រុង ហើយយើងនឹងមិនធ្វើល្អចំពោះប្រទេសនោះឡើយ។

ការវាយប្រហារ ដែលមន្ត្រីម្នាក់បាននិយាយថា នឹងមានរយៈពេលប៉ុន្មានថ្ងៃ និងប្រហែលជាច្រើនសប្តាហ៍ តំណាងឱ្យប្រតិបត្តិការយោធាដ៏ធំបំផុតរបស់សហរដ្ឋអាមេរិកនៅមជ្ឈិមបូព៌ា ចាប់តាំងពីលោក Trump ចូលកាន់តំណែងក្នុងខែមករា។ ហើយរឿងនេះបានកើតឡើងនៅពេលសហរដ្ឋអាមេរិកបង្កើនសម្ពាធដាក់ទណ្ឌកម្មលើទីក្រុង តេអេរ៉ង់ ខណៈព្យាយាមកៀងប្រទេសនេះចូលតុចរចាជុំវិញកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន។

លោក Trump បានបង្ហោះនៅលើវេទិកាសង្គម Truth របស់លោកថា ចំពោះក្រុមភេរវករ ហ៊ួទី ទាំងអស់ ពេលវេលារបស់អ្នកបានមកដល់ហើយ ហើយការវាយប្រហាររបស់អ្នកត្រូវតែបញ្ឈប់ ដោយចាប់ផ្តើមពីថ្ងៃនេះទៅ។ ប្រសិនបើពួកគេមិនព្រមទេ អ្នកនឹងបានមើលឃើញអ្វីដែលអ្នកមិនធ្លាប់ឃើញពីមុនមក ៕
