ស្របតាមយុទ្ធសាស្រ្តអនុវត្តគម្រោង «គំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ» ដើម្បីលើកកម្ពស់ការផ្លាស់ប្តូរវប្បធម៌ រវាងប្រទេសចិន និងកម្ពុជា សហព័ន្ធអ្នកវិនិយោគកម្ពុជា និងគណៈកម្មាធិការស្រុកសាភីងប៉ា បានរៀបចំព្រឹត្តិការណ៍ស៊ុបចិន ឆុងឈីង សាភីងប៉ា ៣៦០ នៅរាជធានីភ្នំពេញ ដែលមានការអញ្ជើញពីភ្ញៀវកិត្តិយសយ៉ាងច្រើនកុះករតំណាងស្ថានទូតចិនប្រចាំនៅកម្ពុជា និងក្រោមអធិបតីភាព ឯកឧត្តម លី ធុច ទេសរដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីរួមគ្នាផ្សព្វផ្សាយពីវប្បធម៌ និងពង្រឹងទំនាក់ទំនងមិត្តភាពប្រជាជន និងប្រជាជនប្រទេសទាំងពីរ។
អ្នកឧកញ៉ា លី ឃុនថៃ ប្រធានសមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា នៅក្នុងពិធីសម្ពោធស៊ុបចិន ឆុងឈីង សាភីងប៉ា ៣៦០ រសជាតិ កាលពីល្ងាចថ្ងៃទី១៤ មីនា ឆ្នាំ២០២៥កន្លងទៅ បានមានប្រសាសន៍ថា ព្រឹត្តិការណ៍នេះ រៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយពីវប្បធម៌ និងពង្រឹងទំនាក់ទំនងមិត្តភាពនៃប្រជាជននិងប្រជាជន ប្រទេសនិងប្រទេស រវាងកម្ពុជា និងចិន បានកាន់តែជិតស្និទ្ធឡើងថែមទៀត។
អ្នកឧកញ៉ា បានលើកឡើងបន្តថា ការផ្តួចផ្តើមរៀបចំកម្មវិធីនាពេលនេះ គឺជាសក្ខីភាពជាក់ស្តែងដែលបង្ហាញថា សមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា បានខិតខំបំពេញបេសកម្មរបស់ខ្លួនយ៉ាងសកម្ម ធ្វើយ៉ាងណាលើកកម្ពស់ផ្សព្វផ្សាយ និងទាក់ទាញវិនិយោគមកកម្ពុជា ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលជំរុញការអភិវឌ្ឍសេដ្ឋកិច្ច។ អ្នកឧកញ៉ាបានបន្ថែមបាន វេទិកានេះដែរ ក៏ជាឱកាសដល់ភ្ញៀវជាតិ និងអន្តរជាតិជាច្រើន បានមកជួបគ្នា ស្គាល់គ្នា និងអាចឈានដល់ការបង្កើនការទំនាក់ទំនងពាណិជ្ជកម្ម និងការវិនិយោគរួមគ្នាផងដែរ។
នៅចំពោះមុខអង្គពិធីនាឱកាសនេះ ឯកឧត្តម ទេសរដ្ឋមន្ត្រី លី ធុច បានមានប្រសាសន៍ថា ដូចដឹងស្រាប់ហើយថា កម្ពុជា និងចិន បានកសាងនូវទំនាក់ទំនងជាប្រវត្តិសាស្រ្តជាអមតៈពុំអាចកាត់ថ្លៃបាន ពោរពេញដោយភាពជិតស្និទ្ធិបំផុត និងមិនអាចបំបែកគ្នាបានជាមិត្តដែកថែប និងប្តេជ្ញាគៀកស្មាគ្នាកសាងសហគមវាសនាមួយជាមួយគ្នា។ ឯកឧត្តម បានបន្តទៀតថា អស់រយៈពេលប្រមាណ ៦៧ឆ្នាំ និងកម្រងកាទូតជាផ្លូវការ កម្ពុជា-ចិន បានពង្រឹងនិងពង្រីកនូវចំណងមិត្តភាពឲ្យកាន់តែស៊ីជម្រៅ កាន់តែជិតស្និទ្ធ កាន់តែរឹងមាំ ដើម្បីបម្រើឲ្យផលប្រយោជន៍នៃប្រជាជន និងប្រជាជាតិទាំងពីរ។ ដូចនេះ ការរៀបចំព្រឹត្តិការណ៍នាពេលនេះឡើង បានគូសបញ្ជាក់អំពីចំណងមិត្តភាពដ៏រឹងមាំ និងល្អប្រសើរឡើងបន្ថែមទៀតរបស់ប្រទេសទាំងពី។
សូមបញ្ជាក់ថា ព្រឹតិ្តការណ៍ខាងលើនេះ គឺជាការនាំមកនូវបទពិសោធន៍នៃរសជាតិថ្មីដែលមិនធ្លាប់មានពីមុនមក និងមានតែមួយគត់នៅក្នុងរាជធានីភ្នំពេញ។ ព្រឹត្តិការណ៍នេះ ធ្វើឡើងដើម្បីលើកកម្ពស់ការផ្លាស់ប្តូរវប្បធម៌ រវាងប្រទេសចិន និងកម្ពុជា កាន់តែពិសេសទៀតនោះ ស៊ុបចិន ៣៦០ រសជាតិ នឹងរួមបញ្ចូលគ្នានូវធាតុផ្សំនៃទីក្រុងឆុងឈីង ដែលជារសជាតិនៃសាភីងប៉ា ព្រមទាំងទីផ្សារមរតកកម្មនៃវប្បធម៌អរូបីដ៏មានតម្លៃ និងកម្មវិធីសិល្បៈជាច្រើន ដែលនឹងជួយឱ្យប្រជាជនកម្ពុជា បានយល់ និងបានដឹងកាន់តែច្បាស់អំពីវប្បធម៌នៃទីក្រុងឆុងឈីង៕អត្ថបទ ឈិត បូរ៉ាវី





