ក្រុមបាតុករជាង១០ម៉ឺននាក់ បានសម្រុកទៅកាន់ទីក្រុងបែលហ្គ្រាដ(Belgrade) របស់ប្រទេសស៊ែរប៊ីកាលពីថ្ងៃសៅរ៍ក្នុងការប្រមូលផ្តុំដ៏ធំបំផុតមួយក្នុងរយៈពេលជាច្រើនទសវត្សរ៍ ដោយនិស្សិត និងបុគ្គលិករដ្ឋកំពុងប្រឈមនឹងក្រុមអ្នកគាំទ្រប្រធានាធិបតីលោក Aleksandar Vucic និងនគរបាលកុបកម្ម។

ផ្លូវនានាត្រូវបានកកស្ទះ ខណៈក្រុមបាតុករ បាញ់ផ្សែង និងស្រែកពាក្យស្លោកថា បន្តការតវ៉ាតទៅទៀត។
ប្រទេសស៊ែរប៊ីបានមើលឃើញការប្រមូលផ្តុំប្រឆាំងរដ្ឋាភិបាលជាច្រើនខែបន្ទាប់ពីការស្លាប់មនុស្សចំនួន ១៥ នាក់ពីការបាក់រលំដំបូលស្ថានីយ៍រថភ្លើង ដែលបង្កឱ្យមានការចោទប្រកាន់ពីអំពើពុករលួយនិងការធ្វេសប្រហែស រីករាលដាលកាន់តែខ្លាំងរហូតដល់បច្ចុប្បន្ន។

ប្រភពសន្តិសុខ និងសាក្សី បានប៉ាន់ប្រមាណថា ហ្វូងមនុស្សមានចំនួនជាង ១០ម៉ឺននាក់។
ការតវ៉ានានាបានផ្ទុះឡើងដោយរួមបញ្ចូលទាំងក្រុមនិស្សិត គ្រូបង្រៀន និងកសិករ នៅក្នុងភាពប្រឈមដ៏ធំមួយ ចំពោះលោក Vucic។

រដ្ឋាភិបាល បានបដិសេធការចោទប្រកាន់ពីបទពុករលួយ និងអសមត្ថភាព ហើយនិយាយថា ភ្នាក់ងារចារកម្មលោកខាងលិចកំពុងគាំទ្រការជំរុញដើម្បីបង្កឱ្យមានអស្ថិរភាពនៅក្នុងប្រទេសស៊ែរប៊ី។
និស្សិតម្នាក់បានប្រាប់សារព័ត៌មាន Reuters ថា មិនខ្វល់ថាការតវ៉ាទាំងនេះនឹងត្រូវបន្តយូរប៉ុណ្ណាទេ ពួកគេនឹងធ្វើរហូតដល់ការទាមទាររបស់ពួកគេត្រូវបានបំពេញ៕